លោក Balázs Orbán ប្រធានផ្នែកនយោបាយរបស់់នាយករដ្ឋមន្ត្រីហុងគ្រី បាននិយាយថា ទីក្រុង ប៊ុយដាប៉េស (Budapest) នឹងរារាំងការចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនអំពីការចូលជាសមាជិកសហភាពអឺរ៉ុប រហូតដល់តម្រូវការរបស់ហុងគ្រីទាក់ទងនឹងភាសានៃការអប់រំ ត្រូវបានបំពេញ។
លោកបាននិយាយថា ហុងគ្រីតែងតែជាអ្នកគាំទ្រការសម្របសម្រួលរបស់អ៊ុយក្រែនជាមួយសហភាពអឺរ៉ុប ប៉ុន្តែលោក បានបន្ថែមថា ច្បាប់ភាសា តឹងតែងបានផ្លាស់ប្តូរអ្វីៗទាំងអស់។
លោក Orbán បានបន្ថែមថា៖«យើងនឹងរារាំងវារហូតដល់បញ្ហាត្រូវបានដោះស្រាយ» ដោយឆ្លើយថាតើហុងគ្រី នឹងរារាំងការចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនដែរឬទេ។
លោក Orbán បានថ្លែងថា៖«ច្បាប់ថ្មីបានធ្វើឲ្យជីវិតរបស់ជនជាតិហុងគ្រីនៅអ៊ុយក្រែន មិនអាចទ្រាំទ្របាន ។ លោកនិយាយសំដៅទៅលើច្បាប់ដែលត្រូវបានណែនាំថ្មីៗនេះ នៅក្នុងប្រទេសអ៊ុយក្រែន ដែលតម្រូវឲ្យជនជាតិភាគតិច មិនត្រឹមតែជនជាតិហុងគ្រីប៉ុណ្ណោះទេ ដើម្បីទទួលបានការអប់រំយ៉ាងហោចណាស់ ៧០ភាគ រយជាភាសាអ៊ុយក្រែន។ ដូច្នេះ ហុងគ្រីបារម្ភថា កុមារដែលធំធាត់ក្នុងគ្រួសារនិយាយភាសាហុងគ្រីក្នុងប្រទេសអ៊ុយក្រែន នឹងមានការលំបាកពេលកំពុងសិក្សា។
លោកBalázs Orbán ថា៖«យើងមិនអាចដោះស្រាយបញ្ហានេះ បានទេ»។
លោកបានសង្កត់ធ្ងន់ថា៖«ជំហររបស់ហុងគ្រី គឺច្បាស់ណាស់៖ ដរាបណាច្បាប់នេះនៅមាន មិនអាចមានការពិភាក្សាជាមួយប្រជាជនអ៊ុយក្រែនអំពីសមាហរណកម្មរបស់ពួកគេ ទៅក្នុងសហភាពអឺរ៉ុបទេ»។

