រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រីយ៉ូកូកាមិកាវ៉ា (Yoko Kamikawa) បាននិយាយកាលពីថ្ងៃអង្គារថា សហគមន៍អន្តរជាតិត្រូវការកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ក្នុងកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសប្រទេសជាសមាជិកទាំង៧ រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក។

បន្ទាប់ពីកិច្ចប្រជុំទទួលទានអាហារថ្ងៃត្រង់ថ្ងៃដំបូងនៃការជួបជុំគ្នារយៈពេលពីរថ្ងៃ គឺថ្ងៃទី៧និង៨ វិច្ឆិកា នៅទីក្រុងតូក្យូ លោកស្រី Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជាសមាជិកទាំង៧ នឹងបង្ហាញជំហររួបរួម ចំពោះស្ថានភាពចុងក្រោយបំផុតនៅតំបន់មជ្ឈិមបូព៌ា ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ។

ប្រមុខការទូតជប៉ុន រូបនេះ បាននិយាយថា អ៊ីស្រាអែលបានសម្រុកទម្លាក់គ្រាប់បែកដ៏សន្ធាប់ទៅលើទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្ម ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីខែមុន។
ការអត្ថាធិប្បាយរបស់លោកស្រីធ្វើឡើងស្របពេលមានការរិះគន់កាន់តែខ្លាំងឡើងលើវិសាលភាពនៃការវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើង របស់អ៊ីស្រាអែល ដែលមួយចំនួននិយាយថាបំពានច្បាប់អន្តរជាតិ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា។

ប្រភពរដ្ឋាភិបាលបាននិយាយថា ប្រទេសប្រជាធិបតេយ្យធំៗទាំងនោះ គ្រោងថ្កោលទោសក្រុមហាម៉ាសនៅក្នុងសេចក្តីថ្លែងការណ៍សម្រាប់ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើអ៊ីស្រាអែលដែលបានបង្កឱ្យមានការវាយបកពីអ៊ីស្រាអែលដែលនៅតែបន្តក្នុងតំបន់ហ្កាហ្សារហូតដល់សព្វថ្ងៃនេះ៕