រ៉ុក្កែតជាច្រើនគ្រាប់ដែលបាញ់ចេញពីប្រទេសលីបង់កាលពីថ្ងៃចន្ទ បានទៅដល់ទៅក្នុងទឹកដីអ៊ីស្រាអែលយ៉ាងជ្រៅជាងអ្វីទាំងអស់ ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ខណៈដែលបញ្ជាការទីពីររបស់ក្រុមសកម្មប្រយុទ្ធហេបូឡា បានគំរាមបង្កើនការវាយប្រហារឆ្លងព្រំដែន ប្រសិនបើអ៊ីស្រាអែល បន្តការវាយលុកដ៏សាហាវរបស់ខ្លួនលើតំបន់ហ្កាហ្សាស្ទ្រីប។

ការគំរាមកំហែងរបស់លោក Naim Qassem អគ្គលេខាធិការរងរបស់ក្រុមហេបូឡា ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន NBC News បានកើតឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា បានចាប់ផ្តើមវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងគោលដៅនានារបស់អាមេរិក។

លោក Qassem បាននិយាយថា៖«ក្រុមហេសបូឡា ចូលរួមសម្រាប់ជាប្រយោជន៍ ក្នុងការបន្ថយសម្ពាធលើតំបន់ហ្កាហ្សា»។ លោកបានចាត់ទុកអ៊ីស្រាអែលថា ជាអ្នកឈ្លានពាន ដោយនិយាយថា ការវាយប្រហារដែលកំពុងកើនឡើងទាំងនេះគឺជា «សារច្បាស់លាស់ថា បើអ្នកពង្រីក វានឹងមានផលវិបាកធ្ងន់ធ្ងរ»។
និយាយរួមទៅ វោហាស័ព្ទរបស់ហេសបូឡា និងការវាយប្រហារកាន់តែធំឡើងដោយក្រុមតំណាងដែលគាំទ្រដោយអ៊ីរ៉ង់ បង្ហាញថា «អ័ក្សនៃការតស៊ូ»នេះ កំពុងធ្វើសកម្មភាពប្រកបដោយភាពសុខដុមរមនា ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីពិនិត្យមើលការវាយលុកកាន់តែខ្លាំងឡើងលើតំបន់ហ្កាហ្សាស្ទ្រីប។