សៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នៅខេត្តសៀមរាប រយៈពេលពីរថ្ងៃ បានប្រព្រឹត្ដទៅដោយរលូន និងមានសណ្ដាប់ធ្នាប់ល្អប្រសើរគួរឱ្យកត់សំគាល់ ខណៈដែលការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ គណៈអប្បមាទ និងជំនួយការអប្បមាទ ប្រកបដោយតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈ ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា គ្រប់មណ្ឌលប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយមានការទទួលខុសត្រូវខ្ពស់តម្លាភាព និងយុត្តិធម៌។ លោកបន្ដថា រយៈពេលពីថ្ងៃនេះ គេសង្កេតឃើញបេក្ខជនប្រលងនៅតាមមណ្ឌលនិមួយៗ មានសណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រលងផងដែរ។ បេក្ខជនទាំងអស់ បានគោរពវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ។ គ្រប់មណ្ឌលបានដឹកវិញ្ញាសាចេញពីសាលាខេត្តសៀមរាបទៅកាន់មណ្ឌលនានាដោយសុវត្ថិភាព និងទាន់ពេលវេលា។ កិច្ចការរបស់បេក្ខជនត្រូវបានវេចខ្ចប់តាមគោលការណ៍បច្ចេកទេស និងបានយកមកផ្ញើនៅសាលាខេត្តវិញដោយសុវត្ថិភាព។

បេក្ខជនប្រលងនៅមណ្ឌលវិទ្យាល័យ១០មករាឆ្នាំ១៩៧៩ បានលើកឡើងថា ពួកគាត់មានការពេញចិត្ដចំពោះការរៀបចំប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដែលធ្វើឱ្យពួកគាត់ទទួលបានបទពិសោធន៍មួយល្អប្រចាំជីវិត បើទោះបីការប្រឡងនេះមានការរិតបន្ដឹងក៏ដោយ។ ពួកគាត់ថា ការរិតបន្ដឹងនូវការប្រលងជាមោទកភាពរបស់ពួកគាត់តាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា អ្នកចេះគឺជាប់។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជនកីឡាខេត្តសៀមរាប ស្តីពីកិច្ចដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញថា ក្នុងរយៈពេល២ថ្ងៃនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនអវត្ដមានចំនួន១៤៦នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅអវត្តមាន ២៦នាក់ និងមានបេក្ខជនស្វ័យរិន និងបំពេញវិជ្ជាអវត្តមាន១២០នាក់ ខណៈដែលមេប្រយោគអវត្ដមានសរុបចំនួន៩នាក់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជនចូលរួមចំនួន១០.៨១៩នាក់ ចែកជាមណ្ឌលប្រឡងចំនួន ១៦មណ្ឌល និង៤៤៤បន្ទប់៕







