អ្នកនាំពាក្យក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់របស់កុមារ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល គឺមានជាង ៤២០០នាក់ និងកុមារជាង ១០.០០០នាក់ បានរងរបួសរហូតមកដល់ពេលនេះ។

អ្នកនាំពាក្យរូបនោះ បាននិយាយថា «រៀងរាល់ដប់នាទីម្តង ការកាន់កាប់របស់អ៊ីស្រាអែល បានសម្លាប់កុមារម្នាក់ និងបណ្ដាឲ្យកុមាររបួសពីរនាក់ទៀត»។ ឥឡូវនេះ បណ្ដាមន្ទីរពេទ្យ ដែលពោរពេញទៅដោយហ្វូងមនុស្ស មានជនភៀសខ្លួនជាង ១០០.០០០នាក់ នេះបើយោងទៅតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា រួមទាំងជនភៀសខ្លួន អ្នករងរបួស អ្នកជំងឺ និងបុគ្គលិកពេទ្យផងដែរ។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នេះចាប់តាំងពីក្រុមហាម៉ាស វាយឆ្មក់លើភាគខាងត្បូងអ៊ីស្រាអែល កាលពីមួយខែមុន នៅពេលដែលខ្មាន់កាំភ្លើងរបស់ក្រុមនេះបានសម្លាប់មនុស្សចំនួន ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០ នាក់។

មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១០.០០០នាក់ រួមទាំងកុមារប្រមាណ ៤.២០០នាក់។
ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានច្រានចោលការអំពាវនាវដែលកំពុងកើនឡើងក្នុងការបញ្ឈប់ការប្រយុទ្ធ។ អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរគួរតែត្រូវបានដោះលែងជាមុនសិន ប៉ុន្តែក្រុមហាម៉ាស និយាយថា ខ្លួននឹងមិនដោះលែងចំណាប់ថ្នូរ ឬបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈដែលតំបន់ហ្កាហ្សា កំពុងរងការវាយប្រហារ៕