សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារទី៧ ខែវិច្ឆិកាថា ខ្លួនបានបើកកិច្ចពិភាក្សាក្នុងន័យស្ថាបនាជាមួយប្រទេសចិនក្នុងសប្តាហ៍នេះ ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ មុនពេលលទ្ធភាពកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះ។

កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ដែលមន្ត្រីអាមេរិក បានពិពណ៌នាថាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រីMallory Stewart និងលោក Sun Xiaobo អគ្គនាយកនៃក្រសួងការបរទេសចិន។

អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗរបស់សហរដ្ឋអាមេរិក គឺដើម្បីធានាថា ការប្រកួតប្រជែងខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ហើយការខ្វែងគំនិតគ្នារបស់ពួកគេជុំវិញបញ្ហាជាច្រើនពីពាណិជ្ជកម្មទៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង មិនក្លាយទៅជាជម្លោះ។
ទីក្រុងវ៉ាស៊ីនតោន ក៏មានការព្រួយបារម្ភផងដែរអំពីការពង្រីកការផលិតអាវុធនុយក្លេអ៊ែររបស់ចិន ដែលតាមការប៉ាន់ប្រមាណ មាន៥០០ក្បាលគ្រាប់ យោងតាមមន្ទីរបញ្ចកោណ នៅតែតិចជាងអាវុធរបស់អាមេរិក និង រុស្ស៊ី ប៉ុន្តែអ្នកវិភាគខ្លះជឿថា អាចបង្កើនហានិភ័យនៃជម្លោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា៖ «ភាគីទាំងពីរ បានធ្វើការពិភាក្សាយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេ រិក-សាធារណរដ្ឋប្រជាមានិតចិន(PRC)។