បាល់ទាត់៖ ស្ដ្រីជនជាតិខ្មែរម្នាក់ដែលកំពុងបំពេញការងារ នៅសណ្ឋាគារមួយនាប្រទេសបារ៉ែន ត្រូវបានអនុញ្ញាតឲ្យជួយធ្វើម្ហូបសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងបំពេញបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C។

តាមការឲ្យដឹងពីមន្ត្រីក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីធ្វើដំណើរទៅដល់កន្លែងស្នាក់នៅ នៅសណ្ឋាគារមួយកន្លែងនាទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ក្រុមការងារជម្រើសជាតិកម្ពុជាបានធ្វើការទាក់ទងជាមួយសណ្ឋាគារ ដើម្បីធ្វើម្ហូបអាហារខ្មែរដោយខ្លួនឯងបន្ថែមលើម្ហូបរបស់សណ្ឋាគារ សម្រាប់កីឡាករបរិភោគប្រចាំថ្ងៃ តែដើម្បីការពារជំងឺកូវីដ-១៩ ខាងសណ្ឋាគារពុំបានអនុញ្ញាតតាមសំណូមពរ របស់ក្រុមការងារជម្រើសជាតិនោះទេ។ ប៉ុន្ដែចៃដន្យមានបុគ្គលិកខ្មែរម្នាក់ដែលជាអ្នកខេត្តសៀមរាប កំពុងធ្វើការងារផ្នែកផ្សេងនៅសណ្ឋាគារនោះ ហើយស្របពេលក្រុមការងារក្រុមជម្រើសជាតិកម្ពុជា មានតម្រូវការចាំបាច់ដូច្នេះខាងសណ្ឋាគារក៏បានអនុញ្ញាតឲ្យស្ដ្រីជនជាតិខ្មែរ ដែលកំពុងបម្រើការងារនៅទីនោះ ជួយផ្នែកចុងភៅ ជាមួយក្រុមការងារចុងភៅរបស់សណ្ឋាគារ ដើម្បីធ្វើម្ហូបខ្មែរមួយចំនួនរួមផ្សំជាមួយម្ហូបរបស់សណ្ឋាគារ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាតែម្ដង។

ប្រភពដដែលបន្ដថា ការរួមចំណែកធ្វើម្ហូបខ្មែរពីស្ដ្រីជាបុគ្គលិកសណ្ឋាគារនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលពុំសូវស៊ាំនឹងម្ហូបអាហារបរទេស ខណៈជារឿយៗកន្លងមក រាល់ពេលក្រុមជម្រើសជាតិកម្ពុជាបំពេញបេសកកម្មក្រៅស្រុកម្ដងៗ ក៏ក្រុមការងារតែងឆ្លៀតធ្វើម្ហូបអាហារខ្មែរ សម្រាប់កីឡាករបរិភោគផងដែរ តែលើកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបជួបការលំបាកដូច្នេះ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានៅសល់ការប្រកួតបង្គ្រប់កិច្ចតែ ១ប្រកួតទៀតប៉ុណ្ណោះសម្រាប់វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសបារ៉ែន ដោយត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ង់នាថ្ងៃទី១១ ខែមិថុនាខាងមុខ ហើយការប្រកួតនេះក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ៖ លី ឈុនឡា