ក្រុមបាល់បោះ Miami Heat បានយកឈ្នះ Los Angeles Lakers ទាំងប្រផិតប្រផើយលទ្ធផល ១០៨-១០៧ នៃប្រកួតទី ៧ ក្របខណ្ឌបាល់បោះ NBA រដូវកាលថ្មី។
កីឡាករ Bam Adebayo ធ្វើបានយ៉ាងល្អសម្រាប់ Miami Heat ដោយ Triple-Double រឺពិន្ទុពីរខ្ទង់សំខាន់ៗរួមមានបោះបញ្ចូលកន្ត្រកបាន ២២ ពិន្ទុ ២០ បាល់រីបោន និង ១០ បាល់បញ្ជូន ខណៈដែល Jimmy Butler បោះបានច្រើនជាងគេ ២៨ ពិន្ទុ។
Miami Heat បាននាំមុខដាច់ ១០ពិន្ទុ តែក៏ត្រូវកាត់បន្ថយមកវិញត្រឹម ១ពិន្ទុនៅទីបញ្ចប់បន្ទាប់ពី LeBron James របស់ LA Lakers បោះបាន ៣០ ពិន្ទុម្នាក់ឯង ជាពិសេស ៧ ពិន្ទុនៅ ១ នាទី ១៩ វិនាទីចុងក្រោយ។
លទ្ធផលនេះធ្វើឱ្យ Miami Heat រំកិលឡើងមកលេខ ១១ នៅភាគខាងកើតក្រោយឈ្នះ ៣ ចាញ់ ៤ ខណៈដែល Los Angeles Lakers ឈរលេខ ១០ នៅភាគខាងលិចឈ្នះ ៣ ចាញ់ ៤ ដូចគ្នា។
ងាកមកប្រកួតផ្សេងទៀត Philadelphia បានយកឈ្នះ Washington Wizards ១៤៦-១២៨ ស្របពេលដែល Joel Embiid របស់ Philadelphia បោះបាន ៤៨ ពិន្ទុ ម្នាក់ឯង ១១ បាល់រីបោន ៦ បាល់បញ្ជូន។
នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Philadelphia តាំងពីចាញ់ថ្ងៃបើករដូវកាលក្រោមស្នាដៃ Milwaukee Bucks និងឡើងមកឈរលេខ ២ នៅភាគខាងកើតឈ្នះ ៥ ចាញ់ ១ ស្របពេលដែល Washington Wizards ឈរក្រោមគេនៅភាគខាងកើតដូចគ្នាឈ្នះ ១ ចាញ់ ៥។

លទ្ធផលផ្សេងទៀត New York Knicks យកឈ្នះ LA Clippers ដែលមានវត្តមានកីឡាករចំនូលថ្មី James Harden ១១១-៩៧។
ចំណែកឯក្រុមការពារតំណែងជើងឯក Denver Nuggets វាយបកពីក្រោយ ២០ ពិន្ទុរហូតយកឈ្នះ New Orleans Pelicans ១៣៤-១១៦តាមរយៈ Triple-Double របស់ Nikola Jokic រួមមាន ៣៥ ពិន្ទុ ១៤ បាល់រីបោន និង ១២ បាល់បញ្ជូន៕ អត្ថបទ៖នាង សុភាវុធ
