ប្រជាជនដែលកំពុងភៀសខ្លួន ទៅកាន់ប្រទេសឆាដ បានរាយការណ៍ពីការកើនឡើងថ្មីនៃការសម្លាប់ជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចប្រទេសស៊ូដង់ ខណៈកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានដណ្តើមកាន់កាប់មូលដ្ឋានកងទ័ពដ៏សំខាន់នៅក្នុងរដ្ឋធានី El Geneina ។

អ្នកសារព័ត៌មាន Reuters បានឃើញក្រុមបុរសជាច្រើននាក់កំពុងឆ្លងកាត់ពីទីក្រុង Darfur ចូលទៅប្រទេសឆាដ នៅទីក្រុង Adre មានចម្ងាយប្រហែល ២៧ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី El Geneina។ បីនាក់ក្នុងចំណោមអ្នកដែលបានភៀសខ្លួន បាននិយាយថា ពួកគេបានឃើញការសម្លាប់ធ្វើឡើងដោយកងជីវពលអារ៉ាប់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដាក់គោលដៅលើក្រុមជនជាតិភាគតិច Masalit នៅស្រុក Ardamata ជាស្រុកដាច់ស្រយាលមួយពីរដ្ឋធានី El Geneina ជាទីតាំងមូលដ្ឋានកងទ័ព និងជំរំសម្រាប់ជនភៀសខ្លួននៅតែខាងក្នុងប្រទេស។

នៅចន្លោះខែមេសា ដល់ខែមិថុនាឆ្នាំនេះ កងកម្លាំងគាំទ្រហ័ស និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត បានធ្វើការវាយប្រហារជាប្រព័ន្ធជាច្រើនសប្តាហ៍ទៅលើក្រុមជនជាតិភាគតិច Masalit ជាក្រុមកុលសម្ព័ន្ធអាហ្វ្រិកភាគច្រើននៅរដ្ឋធានី El Geneina ខណៈសង្រ្គាមបានផ្ទុះឡើងនៅក្នុងប្រទេស រវាងកងកម្លាំងគាំទ្ររហ័ស(RSF) និងកងទ័ពស៊ូដង់។
យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ និងបានបណ្តាលឲ្យប្រជាជនជាង៦លាននាក់ជម្លៀសខ្លួនចេញ ។ អង្គការ IOM បាននិយាយថា មនុស្សជាង ៥០០.000 នាក់ បានឆ្លងចូលទៅក្នុងប្រទេសឆាដ ដែលភាគច្រើនមកពីទីក្រុង West Darfur ។ ឆ្មាំព្រំដែនប្រទេសឆាដ បាននិយាយថាចំនួនប្រចាំថ្ងៃនៃអ្នកភៀសខ្លួនពីទីក្រុង West Darfur បានកើនឡើងដល់ ៣.១៤៦នាក់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ។
មន្ត្រីអង្គការសហប្រជាជាតិក្នុងប្រទេសឆាដ បាននិយាយថា មនុស្សរាប់ពាន់នាក់ទៀតត្រូវបានគេរំពឹងថានឹងឆ្លងកាត់ ប៉ុន្តែត្រូវបានរារាំងមិនឱ្យធ្វើដូច្នេះដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ដែលទាមទារឲ្យបង់ប្រាក់។