បណ្ដាមេដឹកនាំមកពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលមានសមាជិក ២១ប្រទេស នឹងជួបប្រជុំគ្នានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក ក្នុងខែនេះសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី៣០ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះលើកដំបូងចាប់តាំងពីឆ្នាំ២០១១ មក។

ដូចការជួបជុំអន្តរជាតិភាគច្រើនដែរ កិច្ចប្រជុំកំពូល APEC បានក្លាយជាវេទិកាមួយសម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ហើយភ្នែកអន្តរជាតិទាំងអស់ នឹងផ្តោតលើកិច្ចប្រជុំកំពូលទ្វេភាគីដែលរំពឹងទុកនៅខាងក្រៅវេទិកានេះ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

លោកសាស្ត្រាចារ្យ វ៉ីននី អាហ្កាវ៉ាល (Vinnie Aggarwal) ផ្នែកវិទ្យាសាស្ត្រនយោបាយ និងជានាយកមជ្ឈមណ្ឌលសិក្សា ប៊ឺកខឺឡេ អេពិក (Berkeley APEC) នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ប៊ឺកខឺឡេ បាននិយាយថា វាមានសារៈសំខាន់ជាពិសេសនៅឆ្នាំនេះ ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ហើយឱកាសដើម្បីឲ្យលោកប្រធានាធិបតី ស៊ី ជួបជាមួយលោកប្រធានាធិបតី បៃដិន គឺជារឿងដ៏សំខាន់មួយ ហើយជំនួបនោះទំនងជាក្លាយជាចំណុចសំខាន់នៃកិច្ចប្រជុំកំពូលមួយនេះ។
លោក ស៊ី មិនទាន់បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំ APEC របស់ខ្លួននៅឡើយទេ ប៉ុន្តែជំនួបរវាងប្រធានាធិបតីទាំងពីរ នឹងក្លាយជាជំនួបលើកទីពីររបស់ពួកគេ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ មក។ មេដឹកនាំទាំងពីររូបនេះ បានជួបគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ (G20) នៅកោះបាលី កាលពីមួយឆ្នាំមុន៕