ប្រភពព័ត៌មានសន្តិសុខ បាននិយាយថា យោធាអ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ ដោយដាក់គោលដៅនៅផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធ និងរចនាសម្ព័ន្ធទីបញ្ជាការនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការដែលអាចចំណាយពេលច្រើនខែដើម្បីបញ្ចប់។

កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ហ្កាហ្សាពីលើអាកាស និងបានប្រើប្រាស់កងទ័ពជើងគោក ដើម្បីបែងចែកតំបន់ហ៊ុមព័ទ្ធឆ្នេរជាពីរ នៅក្នុងការវាយលុកមួយដែលបានធ្វើឡើងបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានហ៊ុមព័ទ្ធតំបន់ហ្កាហ្សា និងបានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស ខណៈពួកគេបានវាយរុញច្រានចូលកាន់តែជ្រៅទៅក្នុងផ្លូវរបស់ក្រុមនេះ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអនុម័តកាលពីថ្ងៃចន្ទនូវផែនការប្រតិបត្តិការបន្ថែមទៀតសម្រាប់សកម្មភាពយោធានៅក្នុងទីក្រុងតំបន់ហ្កាហ្សា និងនៅភាគខាងជើងតំបន់ហ្កាហ្សា។ ប្រភពព័ត៌មានសន្តិសុខអ៊ីស្រាអែលចំនួន៥បានប្រាប់សារព័ត៌មាន Reuters ថា ការកំណត់ទីតាំង និងការបិទបណ្តាញផ្លូវរូងក្រោមដីដ៏ធំដែលដំណើរការនៅក្រោមតំបន់ភាគខាងជើងតំបន់ហ្កាហ្សានឹងក្លាយជាផ្នែកមូលដ្ឋាននៃដំណាក់កាលបន្ទាប់ក្នុងការវាយលុកដែលនឹងត្រូវការពេលវេលា។
ប្រភពព័ត៌មានចំនួនពីរដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថា ដោយរថក្រោះរបស់អ៊ីស្រាអែល កំពុងឆ្ពោះទៅកាន់បេះដូងតំបន់ហ្កាហ្សា ពួកគេបានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមអ្នកប្រយុទ្ធហាម៉ាស់ ដោយប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដីដើម្បីធ្វើការវាយឆ្មក់។
អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយកាលពីថ្ងៃអង្គារថា កងវិស្វកម្មប្រយុទ្ធរបស់អ៊ីស្រាអែល កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះដើម្បីបំផ្លាញផ្លូវរូងក្រោមដី ហើយប្រតិបត្តិការបានបំផ្លាញរបាំងជាង១០០ ។