ទិន្នន័យថ្មីបានបង្ហាញថា ឥឡូវនេះគេប្រាកដណាស់ថាឆ្នាំ២០២៣ ដែលជាឆ្នាំនៃរលកកម្ដៅដ៏ធ្ងន់ធ្ងរ គ្រោះទឹកជំនន់ និងអគ្គិភ័យជាច្រើនករណីនោះ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។
ការទស្សន៍ទាយនេះធ្វើឡើងបន្ទាប់សីតុណ្ហភាពដ៏ក្ដៅខុសប្លែកធម្មតា បានកើតឡើងកាលពីខែតុលា ហើយសីតុណ្ហភាពដ៏ខ្ពស់នោះ បានបន្ថែមទៅក្នុងបញ្ជីនៃកំណត់ត្រាកម្ដៅខ្ពស់បំផុតសកល ដែលបានកើតឡើងក្នុងឆ្នាំនេះ។

សីតុណ្ហភាពខែតុលា មិនក្តៅខ្លាំងខុសពីខែកញ្ញា និងខែកក្កដា ទេ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតបំបែកកំណត់ត្រាសម្រាប់ខែនេះដោយលក្ខខណ្ឌពិសេស នេះបើយោងតាមទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ ខនភឺនីកឺស (Copernicus)។

សីតុណ្ហភាពខ្យល់ជាមធ្យមរបស់ពិភពលោក គឺស្ថិតក្នុងកម្រិត ០,៤អង្សាសេ ដោយក្តៅជាងកម្រិតខ្ពស់បំផុតកាលពីខែតុលា ឆ្នាំ២០១៩ នេះបើយោងតាមសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប។
បញ្ហាអាកាសធាតុទាំងនេះ ត្រូវបានជំរុញដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ ដែលបណ្ដាលឲ្យនោះគឺជាខែទី៥ ជាប់ៗគ្នានៃសីតុណ្ហភាពក្តៅ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សីតុណ្ហភាពសកលលោក អាចនឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៤ ខាងមុខនេះ។
ការទស្សន៍ទាយ ដែលថាឆ្នាំ ២០២៣នេះ នឹងក្លាយជាឆ្នាំក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ឥឡូវនេះគឺពិតជាជៀសមិនរួចនោះទេ ព្រោះរយៈពេលពីរខែចុងក្រោយនៃឆ្នាំ២០២៣នេះ ទំនងជាមិនផ្លាស់ប្តូរនិន្នាការនេះឡើយ ហើយសីតុណ្ហភាពខ្ពស់នៅជុំវិញពិភពលោកក៏បានបន្តកើនឡើងរហូតដល់ខែវិច្ឆិកា នេះផងដែរ៕