កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រជម្រើសជាតិ ស្រួង ភាវី បានទទួលពានរង្វាន់ពិសេសអាស៊ី (Asia Special Award 2023) ដែលរៀបចំដោយស្ថាប័ន Asian Model Festival នៃប្រទេសកូរ៉េខាងត្បូង ហើយបានចាត់ទុកសមិទ្ធផលនេះ គឺជាកិត្តិយសដ៏ថ្លៃថ្លាមួយទៀត សម្រាប់ខ្លួនក្នុងនាមពលរដ្ឋកម្ពុជា លើឆាកអន្ដរជាតិ ។

លោកស្រីបានបញ្ជាក់ថា ខ្លួនត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Asia Special Award 2023 កាលពីចុងសប្ដាហ៍កន្លងទៅ ហើយលោកស្រី ពិតជារំភើបប្រកបដោយសេចក្ដីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង នៅពេលគេហៅថា Cambodia Cambodia តំណាងដោយខ្លួន ឡើងលើវេទិកា ដើម្បីទទួលពានរង្វាន់ដ៏មានអត្ថន័យ និងកិត្តិយសនេះ ។

ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បន្ដទៀតថា រាល់សមិទ្ធផលទាំងប៉ុន្មាន ខ្លួនបានឧទ្ទិសរួចហើយ គឺដាក់ជារបស់រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងប្រទេសជាតិទាំងមូល ។ ភាវី សង្ឃឹមថា រាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រលាញ់ ផ្ដល់តម្លៃ ផ្ដល់កម្លាំងចិត្ត និងលើកស្ទួយដល់ពួកគេ ដែលបាន នឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំទទួលបានជោគជ័យដ៏ត្រចះត្រចង់លើឆាកអន្ដរជាតិ ។

គួរដឹងថា កាលពីដើមខែតុលាកន្លងទៅ កីឡាការិនីជម្រើសជាតិមានដើមកំណើតពីខេត្តត្បូងឃ្មុំ និងកំពុងរស់នៅជាមួយស្វាមីជនជាតិកូរ៉េរូបនេះ ក៏ទើបទទួលបានកិត្តិយសពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយក្លាយជាស្ដ្រីខ្មែរតែម្នាក់គត់ ដែលទទួលបានពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន សម្រាប់ការលើកទឹកចិត្តដល់លោកស្រី ស្រួង ភាវី ដែលខិតខំ និងលះបង់ ទាំងក្នុងវិស័យកីឡា និងសកម្មភាពសប្បុរសធម៌នានាផងដែរ៕ អត្ថបទ៖ លី ឈុនឡា



