ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២០ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកសិក្ខាសាលាពិគ្រោះយោបល់ជុំវិញការជ្រើសរើសរើសទីតាំងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤ ដែលជាផ្លូវប្រព័ន្ធផ្លូវថ្នល់ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញ ដែលជាគន្លឹះផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបអាជីវកម្មនិងមុខជំនួញបានគ្រប់ប្រភេទ។
ជាលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ព្រឹកមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បង្ហើបពីទីតាំងច្បាស់លាស់ណាមួយដើម្បីស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៤នេះនៅឡើយទេ ដោយក្រសួងគ្រាន់តែបញ្ជាក់ថា ផ្លូវថ្មីនេះ នឹងសាងសង់បន្ទាប់ពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បញ្ចប់។
កន្លងមក ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ចំពោះទីតាំងនៃការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤នេះ នឹងមិនបញ្ចេញជាសាធារណៈនោះទេ ព្រោះបារម្ភពីការកើនឡើងនៃតម្លៃដីនៅជុំវិញតំបន់នោះ។
យ៉ាងណាក៏ដោយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤នេះ នឹងមានវិសាលភាពធំជាងគម្រោងផ្លូវក្រវ៉ាត់ក្រុងមុនៗ ចំណែកទំហំថវិកាស្ថាបនាក៏នឹងចំណាយច្រើនជាងមុនផងដែរ។
ជុំវិញការពិភាក្សាពិគ្រោះយោបល់នៅទីស្ដីការក្រសួងនាព្រឹកមិញ មានការចូលរួមពីក្រសួងពាក់ព័ន្ធនានាចំនួន៨ស្ថាប័ន ព្រមទាំងមានក្រុមហ៊ុនឯកជនក្នុងស្រុក និងអន្តរជាតិចូលរួមប្រមាណ១០ ក្រុមហ៊ុនផងដែរ។
គួរជម្រាបជូនថា នៅក្នុងរាជធានីភ្នំពេញមានផ្លូវក្រវ៉ាត់ក្រុងចំនួន ២ខ្សែហើយដែលបានដាក់ឲ្យប្រើប្រាស់ ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងស្ថាបនាមិនទាន់រួចរាល់នៅ ហើយផ្លូវនេះនឹងបញ្ចប់ការស្ថាបនានាឆ្នាំ២០២២ខាងមុខ៕ អត្ថបទ៖ ជាតា


