អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier បាននិយាយកាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) ថា មនុស្សជាង ១.១០០០នាក់ ពោលគឺប្រហែល០,៥% នៃចំនួនប្រជាជនសរុបរបស់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ហើយជាមធ្យម កុមារចំនួន ១៦០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។

លោក Lindmeier បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា រហូតមកដល់ពេលនេះ បុគ្គលិកសុខាភិបាលចំនួន ១៦នាក់ ត្រូវបានសម្លាប់ពេលកំពុងបម្រើការ ហើយអង្គការសុខភាពពិភពលោក កំពុងធ្វើការដើម្បីគាំទ្របុគ្គលិកសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា និងជាថ្មីម្តងទៀត កំពុងតស៊ូមតិដើម្បីសុវត្ថិភាពរបស់ពួកគេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា កម្រិតនៃការស្លាប់ និងការរងទុក្ខវេទនារបស់ជនស៊ីវិលនៅហ្កាហ្សា គឺមិនអាចវាស់វែងបានឡើយ ដោយសារពួកគេកំពុងត្រូវការទឹក ស្បៀងអាហារ និងការថែទាំសុខភាពជាចាំបាច់។
លោកស្រី Alessandra Vellucci នាយកសេវាព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រាប់សន្និសីទសារព័ត៌មាននោះថា មនុស្សជាង១,៥លាននាក់ នៅតំបន់ហ្កាហ្សា ត្រូវបានផ្លាស់ទីលំនៅ ហើយជិតពាក់កណ្តាលនៃអ្នកទាំងនោះបានភៀសខ្លួនទៅស្នាក់នៅក្នុងមូលដ្ឋាននានារបស់អង្គការសហប្រជាជាតិ៕