អាមេរិក ៖ អាជ្ញាធរសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីមានឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមជាក់ស្តែងជាបន្តបន្ទាប់ នៅក្នុងប្រទេសនេះ។ បញ្ហានេះបានកើតឡើងក្នុងពេលជម្លោះនៅតែបន្ត រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស់។
នៅក្នុងទីក្រុង Thousand Oaks ជាក្រុងនៅជាយទីក្រុងLos Angele បុរសអាមេរិកជ្វីហ្វ អាយុ៦៩ឆ្នាំ ម្នាក់បានដួល និងបានបោកក្បាលទៅលើដីខណៈគាត់កំពុងចូលរួម ក្នុងបាតុកម្មគាំទ្រអ៊ីស្រាអែល។
លោកត្រូវបានបញ្ចូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានស្លាប់នៅថ្ងៃបន្ទាប់។ អាជ្ញាធរតំបន់និយាយថា មានបាតុកម្មគាំទ្រប៉ាឡេស្ទីន កំពុងធ្វើឡើងនៅក្បែរនោះដែរ។ សាក្សីមួយចំនួននិយាយថា បុរសម្នាក់នេះ ជាប់ពាក់ព័ន្ធក្នុងជម្លោះមួយ មុនពេលគាត់បានដួល។
អាជ្ញាធរពុំបានចេញសេចក្តីសម្រេចពីលទ្ធភាពថា លោកជាជនរងគ្រោះនៃឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមនោះទេ។ ពួកគេកំពុងស៊ើបអង្កេតពីឧបទ្ទវហេតុនេះ។
កាលពីសប្តាហ៍មុន និស្សិតមូស្លីមអារ៉ាប់ម្នាក់ នៅសាកលវិទ្យាល័យ Stanford បានរងរបួសក្នុងឧបទ្ទវហេតុបើករថយន្តបំបុក នៅបរិវេណសាលា។ អាជ្ញាធរតំបន់ក៏កំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ដោយចាត់ទុកថាជាឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមដែលសង្ស័យ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ និងក្រសួងសន្តិសុខមាតុភូមិ និយាយថា មានការកើនឡើងច្រើន និងការគំរាមជាញឹកញាប់ចំពោះពលរដ្ឋអាមេរិក ជាពិសេសនៅក្នុងសហគមន៍ជនជាតិជ្វីហ្វ អាមេរិកអារ៉ាប់ និងមូស្លីម នៅក្នុងសហរដ្ឋអាមេរិក។

