អាមេរិក ៖ សភាអាមេរិកបានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) ដើម្បីថ្កោលទោសតំណាងរាស្រ្តរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Rashida Tlaib ដែលជាសមាជិកសភាដើមកំណើតប៉ាឡេស្ទីនតែម្នាក់គត់របស់រដ្ឋសភា ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ ដែលលោកស្រីបានធ្វើឡើងទាក់ទងនឹងសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
សមាជិករបស់គណបក្សប្រជាធិបតេយ្យចំនួន ២២រូប បានចូលរួមជាមួយសមាជិកគណបក្សសាធារណរដ្ឋភាគច្រើន នៅក្នុងសភា ដើម្បីថ្កោលទោសលោកស្រី Tlaib ដែលត្រូវបានចោទប្រកាន់ថា បាន «ផ្សព្វផ្សាយសាច់រឿងមិនពិត» ពាក់ព័ន្ធនឹងពីការផ្ទុះអាវុធ កាលពីថ្ងៃទី៧ ខែតុលារបស់ពួកហាម៉ាស នៅប្រទេសអ៊ីស្រាអែល និងបានអំពាវនាវឲ្យមានការបំផ្លិចបំផ្លាញរដ្ឋអ៊ីស្រាអែល»។
ញត្តិនេះត្រូវបានគាំទ្រដោយតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Richard McCormick ។ សំឡេងឆ្នោតសរុបចុងក្រោយនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ គឺ ២៣៤ទល់នឹង១៨៨សំឡេង ដែលលម្អៀងទៅរកការថ្កោលទោស។ សមាជិកគណបក្សសាធារណរដ្ឋ ៤រូប បានបោះឆ្នោតប្រឆាំងនឹងញត្តិនេះ ខណៈសមាជិកគណបក្សប្រជាធិបតេយ្យ ៣រូប និងគណបក្សសាធារណរដ្ឋ ១រូបបានផ្ដល់សំឡេងអនុបវាទ។
វិធានការនេះ បានដកស្រង់ជាពិសេសនូវវីដេអូរបស់លោកស្រី Tlaib ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្ដាញសង្គម ដែលមានសរសេរឃ្លាថា «ពីទន្លេឆ្ពោះទៅកាន់សមុទ្រ» ដែលជាការស្រែកអង្វរឲ្យមានការជួបជុំគាំទ្រប៉ាឡេស្ទីន ដែលជនជាតិជ្វីហ្វជាច្រើនចាត់ទុកថា ជាការប្រឆាំងនឹងជនជ្វីហ្វ ហើយលោកស្រីបានអំពាវនាវឲ្យមានការលុបបំបាត់អ៊ីស្រាអែល។
លោកស្រីក៏បានបង្ហាញការខឹងសម្បា ចំពោះសមាជិកបក្សប្រជាធិបតេយ្យជាច្រើននាក់ផងដែរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលលោកស្រីបានបង្ហោះវីដេអូចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា បានគាំទ្រ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន»។
យ៉ាងណាក្ដី លោកស្រី Tlaib បានច្រានចោលការចោទប្រកាន់ ដែលថា លោកស្រីគឺពួកប្រឆាំងនឹងជនជាតិជ្វីហ្វ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសភា នាថ្ងៃអង្គារនោះ៕

