ចិន ៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រតិបត្តិការបោសសម្អាតព្រិលតាមដងផ្លូវ បានធ្វើឡើងនៅតាមទីក្រុងជាច្រើនក្នុងតំបន់ភាគឦសានប្រទេសចិន ក្រោយអាកាសធាតុត្រជាក់ខុសរដូវ និងព្យុះព្រិល បង្កភាពវឹកវរអស់រយៈពេលជាច្រើនថ្ងៃចុងកន្លងមកនេះ ។
នៅទីក្រុង Shuangyashan ខេត្ត Heilongjiang ក្រុមការងារជាង ១០០នាក់ និងរថយន្តកៀរព្រិល ១៦គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតព្រិលចេញពីដងផ្លូវ ។
ការធ្វើចរាចរណ៍នៅលើដងផ្លូវក្នុងតំបន់ម៉ុងហ្គោលីក្នុង ខេត្ត Liaoning, Jilin និងខេត្ត Heilongjiang ត្រូវបានអាក់ខាន ក្នុងនោះផ្លូវសំខាន់ៗមួយចំនួន បានបិទចរាចរណ៍ម្តងទៀតនៅថ្ងៃពុធនេះ ។
ការមកដល់រលកត្រជាក់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ បានមើលឃើញអាកាធាតុត្រជាក់ធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើងប្រទេសចិន ក្នុងនោះតំបន់មួយចំនួន មានសីតុណ្ហភាពធ្លាក់ចុះជាង ១៦អង្សាសេ ។
សូមបញ្ជាក់ថា រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ តំបន់ភាគខាងជើងប្រទេសចិន បានមើលឃើញព្យុះព្រិលដ៏ចម្លែកមិននឹកស្មានដល់ ដែលផ្ទុយគ្នាស្រឡះនឹងអាកាសធាតុក្តៅខ្លាំងកាលពីខែតុលា ៕

