ចិន ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បានអំពាវនាវឲ្យអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតឲ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ នៅលើពិភពលោក អំឡុងពេលលោកថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលសន្និសីទអ៊ិនធឺណិតពិភពលោក ឆ្នាំ២០២៣ (WIC) នៅទីក្រុង Wuzhen តាមរយៈវីដេអូអនឡាញ។
លោក ស៊ី បានថ្លែងថា ចក្ខុវិស័យនៃការរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលលោកបានស្នើឡើងនៅឯ WIC លើកទី២ ក្នុងឆ្នាំ២០១៥ ត្រូវបានទទួលស្គាល់ជាអន្តរជាតិយ៉ាងទូលំទូលាយ និងការឆ្លើយតបជាវិជ្ជមាន។
លោកប្រធានាធិបតីចិនរូបនេះ បាននិយាយថា ចក្ខុវិស័យឆ្លើយតបនឹងបញ្ហានានានៃសម័យកាលរបស់យើង ដែលទាក់ទងនឹងការដោះស្រាយឱនភាពនៃការអភិវឌ្ឍ ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងអរិយធម៌នានា។
ជាមួយគ្នានេះ លោក ស៊ី បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរឲ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ក្នុងវិស័យអ៊ីនធឺណិតទៅកាន់ដំណាក់កាលថ្មីមួយ។
លើសពីនេះទៀត ដោយអំពាវនាវឲ្យមានការកសាងប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសន្តិភាព និងសុវត្ថិភាពជាងមុនបន្ថែមទៀតនោះ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការគោរពអធិបតេយ្យអ៊ីនធឺណិត និងវិធីគ្រប់គ្រងអ៊ីនធឺណិតរបស់ប្រទេសនីមួយៗ ហើយនិងតម្រូវការ ដើម្បីប្រឆាំងនឹងការស្វែងរកអនុត្តរភាព ការប្រឈមមុខដាក់គ្នា និងការប្រកួតប្រជែងអាវុធ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត៕

