
ប្រធានាធិបតីឆ្វេងនិយមម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃអង្គារ បានច្រានចោលការផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញជម្លោះនៅតំបន់ហ្កាហ្សា ដោយជំរុញឲ្យមេដឹកនាំនយោបាយធ្វើការ ដើម្បីដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។
លោក Lopez Obrador បានឈរលើជំហរកកណ្តាលជាងក្រុមឆ្វេងនិយមអាមេរិកឡាទីនមួយចំនួនទៀត ដោយប្រទេសកូឡុំប៊ី ឈីលី និងហុងឌូរ៉ាស បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអ៊ីស្រាអែល ជុំវិញការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា។ ប្រទេសបូលីវី បានផ្តាច់ទំនាក់ទំនងការទូតទាំងស្រុង។
ដោយបានសួរពីទស្សនៈរបស់ខ្លួនលើការវិវឌ្ឍចុងក្រោយបង្អស់ នៅតំបន់ហ្កាហ្សា ក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ លោក Lopez Obrador បានរំលឹកឡើងវិញថា ម៉ិកស៊ិក ចង់រក្សាអព្យាក្រឹតភាព ហើយបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិបន្ថែមទៀត ដើម្បីបញ្ចប់អំពើហិង្សា នៅក្នុងតំបន់នេះ។
លោក Lopez Obrador បាននិយាយថា៖ «យើង ហើយខ្ញុំចង់ឲ្យច្បាស់ នៅពេលខ្ញុំនិយាយនេះ នឹងមិនធ្វើឲ្យខូចទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬប្រកាន់ជំហរលើសពីការអំពាវនាវរកសន្តិភាពទេ»។