
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បានចោទប្រកាន់លោកខាងលិច នៅពីថ្ងៃពុធនេះជុំវិញការបង្កវិបត្តិលើទីផ្សារប្រេង និងឧស្ម័នពិភពលោក ដោយប្រញាប់ប្រញាល់ប្តូរទៅរកថាមពលបៃតង និងដាក់សម្ពាធលើប្រទេសផ្សេងទៀត ឲ្យធ្វើដូចគ្នា។
លោកឡាវរ៉ូវ បាននិយាយក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា៖« តាមពិតទៅ មូលហេតុនៃបាតុភូតអវិជ្ជមានក្នុងវិស័យថាមពល គឺជាសកម្មភាពមិនទទួលខុសត្រូវរបស់សមូហភាពលោកខាងលិច នៅពេលដែលខ្លួនសម្រេចចិត្តបង្ខំ ...ការផ្លាស់ប្តូរទៅរកថាមពលបៃតងសម្រាប់ខ្លួនឯង និងដាក់ការផ្លាស់ប្តូរទៅរកថាមពលបៃតងដូចគ្នា លើប្រទេសផ្សេងទៀតដែលមិនបានត្រៀមសេដ្ឋកិច្ចសម្រាប់ការបផ្លាស់ប្តូរនេះ»។
លោកបាននិយាយថា ការធ្វើពហិការរបស់លោកខាងលិចចំពោះថាមពលរបស់រុស្ស៊ី ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែនបាន «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពលសកល។ ជំហានទាំងនេះ បាននាំឲ្យមានការបែកបាក់នៃខ្សែសង្វាក់តម្លៃប្រវត្តិសាស្ត្រ ការបែងចែកថ្លៃដើមនៃលំហូរថាមពលសកល និងការកើនឡើងថ្លៃប្រតិបត្តិការ និងការដឹកជញ្ជូន»។
លោកឡាវរ៉ូវ បានបន្ថែមទៀតថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី ទៅកាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំមុន បានធ្វើឲ្យទ្វីបនេះខ្វះឧស្ម័នដែលមានតំលៃថោក និងធ្វើឲ្យវាកាន់តែពឹងផ្អែកទៅលើការនាំចូលឧស្ម័នមានតម្លៃថ្លៃពីសហរដ្ឋអាមេរិក។