
នៅថ្ងៃពុធនេះ ក្រសួងការបទេសចិន បានជំរុញអេស្តូនីថាមិនត្រូវអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកស្ថាប័នផ្លូវការណាមួយនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ ក្រោយមានសេចក្តីរាយការណ៍ថា ឯកអគ្គរដ្ឋទូតចិន បានគំរាមចាកចេញពីប្រទេសអេស្តូនី បើសិនជាកោះតៃវ៉ាន់ បើកការិយាល័យតំណាងក្នុងប្រទេសនៅតំបន់បាល់ទិកមួយនេះ ។
សារព័ត៌មានអេស្តូនី បានរាយការណ៍កាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអេស្តូនី លោកស្រី Guo Xiaomei បាននិយាយប្រាប់ជំនួបជាមួយប្រធានក្រុមសភាអេស្តូនី-ចិនលោក Toomas Kivimagi ថា លោកស្រី នឹងចាកចេញពីប្រទេសមួយនេះ បើសិនជាកោះតៃវ៉ាន់បើកការិយាល័យបែបនេះ ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិនសូមជំរុញភាគីអេស្តូនី ត្រូវគោរពតាមការប្តេជ្ញាចិត្តតែមួយរបស់ពួកគេចំពោះគោលនយោបាយចិនតែមួយ មិនត្រូវអនុញ្ញាតឲ្យកោះតៃវ៉ាន់បង្កើតអង្គការផ្លូវការណាមួយឡើយ ហើយពួកគេត្រូវតែការពារប្រកបដោយប្រសិទ្ធិភាពមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ។
គួរឲ្យដឹងថា ក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេស្ថិតនៅក្នុងដំណាក់កាលសម្រេចចិត្តចំពោះការបង្កើតការិយាល័យតំណាងនៅប្រទេសអេស្តូនី ហើយភាគីទាំង ២ នៅមិនទាន់ឈានដល់មតិរួមនៅឡើយទេ លើបញ្ហាមួយនេះ ៕