
មន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់ជប៉ុន និយាយថា នៅថ្ងៃពុធនេះ ក្រុមរដ្ឋមន្រ្តីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានចេញសារបង្រួបបង្រួមមួយលើសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ រួមបញ្ចូលទាំងការអំពាវនាវឲ្យមានការផ្អាកសង្រ្គាមដើម្បីមនុស្សធម៌ បើទោះបីជាកងកម្លាំងអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់ហ្គាហ្សាក៏ដោយ ។
ពេលបិទបញ្ចប់ជំនួបរយៈពេល ២ថ្ងៃនៅទីក្រុងតូក្យូ ក្រុមប្រទេសអ្នកមាន G7បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនឯង ខណៈដែលពួកគេគូសបញ្ជាក់ពីតម្រូវការការពារជនស៊ីវិល និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ។
វាទើបតែជាសេចក្តីថ្លែងការណ៍រួមលើកទី ២ប៉ុណ្ណោះ ពីក្រុមប្រទេស G7 ចាប់តាំងពីក្រុមខ្មាន់កាំភ្លើងមកពីក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន បង្កឲ្យមានជម្លោះជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ស្លាប់ និងមនុស្សជាង ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ ពួកគេបានលើកឡើងផងដែរពីការគាំទ្ររបស់ក្រុមប្រទេស G7ដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ដោយពួកគេឆ្លុះបញ្ចាំងពីតម្រូវការចូលរួមជាមួយចិន ពាក់ព័ន្ធនឹងក្តីកង្វល់រួម ហើយនិងបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងការផ្ទេរអាវុធឲ្យរុស្ស៊ី ៕