ភ្នំពេញ៖ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក កំពុងបង្កើនការផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារសម្រាប់រុញចូលទីផ្សារ ដោយគិតគូរដល់បញ្ហាសុវត្ថិភាព និងស្តង់ដារអនាម័យជាចម្បងដើម្បីធានាដល់ការហូបចុករបស់ប្រជាពលរដ្ឋ និងដើម្បីប្រកួតប្រជែង ផលិតផលលើទីផ្សារ។
សិប្បករដែលជាអ្នកផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក បានលើកឡើងក្នុងកិច្ចសម្ភាសន៍ក្នុងពិរព័ណ៍ផលិតផល នៃសិក្ខាសាលាផ្សព្វផ្សាយ និងការចងក្រងសមាជិកចលនា ភូមិ១ផលិតផល១ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ជុំវិញការកែច្នៃ និងវេចខ្ចប់នេះ បច្ចុប្បន្នសហគ្រាស និងសិប្បកម្មជាច្រើន បានកំពុងយកចិត្តទុកដាក់ក្នុងវេចខ្ចប់ ជាពិសេសការបង្កើនខ្សែច្រវ៉ាក់ផលិត កម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈដែលពួកគាត់ឃើញថា ប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុក។
សិប្បករទាំងនោះលើកឡើងស្រដៀងគ្នាថា ពួកគាត់បានគិតគូរ និងយកចិត្តទុកដាក់យ៉ាង ខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាពអនាម័យ ជាពិសេស គឺផលិតផលចំណីអាហារនេះឯង ដើម្បីធានាដល់អ្នកហូបចុករបស់ប្រជាពលរដ្ឋ, និងជាកត្តាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងថា បច្ចុប្បន្នគណៈកម្មាធិការជាតិបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយលើកកម្ពស់តាមរយៈការធ្វើពិរព័ណផលិតផលជាបន្តបន្ទាប់ និងការចង់ក្រងរវាងអ្នកលក់ និងអ្នកទិញ ដើម្បីផ្តល់នូវការទំនាក់ទំនងជំរុញការធ្វើពាណិជ្ជកម្មឲ្យកាន់តែងាយស្រួល។
សូមបញ្ជាក់ថា កម្ពុជាបានអនុម័តយកស្តង់ដារ មានចំនួនជាង ១ ពាន់ស្តង់ដាររួចហើយ បច្ចុប្បន្នក្រុមប្រឹក្សាស្តង់ដារជាតិ បានកំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងក្នុងនោះស្តង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុនចំនួនជាប់ ៤០០ ស្តង់ដារបានកំពុងដាក់ឲ្យប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី