វាយកូនបាល់៖ កីឡាករវាយកូនបាល់ក្រិក Stefanos Tsitsipas បានបង្ហាញសមត្ថភាពអស្ចារ្យរបស់ខ្លួននៅលើទីលានដីក្រហម តាមរយៈជ័យជំនះលើគូប្រកួតរុស្ស៊ី Daniil Medvedev ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Slam, French Open។

កីឡាករវ័យ ២២ឆ្នាំ Tsitsipas បានយកឈ្នះ Medvedev ក្នុងលទ្ធផល ៣សិតផ្ទួនៗ ៦-៣, ៧-៦(៧-៣) និង ៧-៥ ដែលជាបរាជ័យដ៏ភ្ញាក់ផ្អើលមួយដែរសំរាប់ Medvedev ដែលចាញ់កីឡាករក្រិករូបនេះ ៣សិតផ្ទួនៗបែបនេះ។ ជុំបន្ត Stefanos Tsitsipas នឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev។ Zverev មានកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយជ័យជំនះលើកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina មិនលំបាកឡើយក្នុងលទ្ធផល ៦-៤, ៦-១ និង ៦-១។ កីឡាករអេស្ប៉ាញ Fokina ក៏បានបញ្ជាក់ក្រោយចប់ការប្រកួតដែរនេះ គេបានលេងការប្រកួតពេញជាមួយនឹងរបួសខ្នង។
ទាំង Stefanos Tsitsipas និង Alexander Zverev សុទ្ធតែកំពុងស្វែងរកជើងឯក Grand Slam លើកដំបូងដូចគ្នា ពោលគឺ Zverev ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam, US Open តែចាញ់ Dominic Thiem ឯ Tsitsipas មិនដែលឡើងវគ្គផ្តាច់ព្រ័ត្រឡើយ៕
អត្ថបទ៖នាង សុភាវុធ