
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ (ទី៨ វិច្ឆិកា) បានរិះគន់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ដោយលើកឡើងថា មន្ត្រីជាន់ខ្ពស់ទាំង២ នឹងនាំមកនូវ «សញ្ញានៃសង្រ្គាមថ្មី» នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ដោយដកស្រង់សម្តីរបស់អ្នកវិភាគកិច្ចការអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា៖ «មិនថាមែន ឬក៏អត់ វិបត្តិភូមិសាស្ត្រនយោបាយថ្មី ដែលធ្វើឲ្យសហរដ្ឋអាមេរិកចប់កាន់តែលឿន នឹងត្រូវបានបង្កើតឡើង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាស្រ័យទាំងស្រុងលើសកម្មភាពរបស់សហរដ្ឋអាមេរិក»។
លោក Blinken គ្រោងនឹងទៅទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តទាំង២ បង្កើនកិច្ចសហប្រតិបត្តិការ នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី។ ចំណែកលោក Austin ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះដែរ។
ដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងប្រទេសជប៉ុន បានថ្កោលទោសនូវអ្វី ដែលប្រទេសទាំង២ និយាយថា មានការផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាពីកូរ៉េខាងជើងទៅឲ្យរុស្ស៊ី៕