
ការនាំចេញអាហារសមុទ្ររបស់ជប៉ុនទៅកាន់ប្រទេសចិន ក្នុងខែកញ្ញា បានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះកើតមានបន្ទាប់ពីក្រុងប៉េកាំង បានហាមឃាត់ការនាំចូលផលិតផលសមុទ្រ ដើម្បីប្រឆាំងនឹងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចហើយ និងដែលនៅសល់សារធាតុវិទ្យុសកម្មតិចតួចបំផុតចូលទៅសមុទ្រពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi។
ក្រសួងជលផលរបស់ប្រទេសជប៉ុន បានឲ្យដឹងថា តម្លៃនៃការនាំចេញមានចំនួន ៨០០លានយ៉េន ឬប្រហែល ៥,៣លានដុល្លារ នៅក្នុងខែកញ្ញា។ ចំនួននោះគឺធ្លាក់ចុះ ៩០,៨ភាគរយ គិតជាប្រាក់យ៉េន ធៀបនឹងឆ្នាំមុន។ ប្រទេសចិនធ្លាប់ជាទីផ្សារក្រៅប្រទេសដ៏ធំបំផុត សម្រាប់ផលិតផលសមុទ្រនេះ។ ការនាំចេញទាំងអស់កាលពីឆ្នាំមុន មានចំនួនប្រហែល ៥៧៨លានដុល្លារ។
តែជាបណ្ដោះអាសន្ន ការនាំចេញសរុបផលិតផលកសិកម្ម រុក្ខសាស្ត្រ នេសាទ និងម្ហូបអាហាររបស់ប្រទេសជប៉ុនបានកើនឡើងក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២២។ ការនាំចេញសរុប សម្រាប់ខែមករា ដល់ខែកញ្ញា បានកើនឡើង ៥,៨ភាគរយ ពោលគឺឡើងដល់ប្រហែល ៧ពាន់លានដុល្លារ។
តួលេខនេះបានឡើងដល់ ១សែនកោដិយ៉េន នៅមុនមួយខែ លឿនជាងការឡើងពីឆ្នាំមុន។ ការឡើងនោះគឺដោយសារការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានស្ថិរភាព ដែលអាចយកមកជួសនឹងការធ្លាក់ចុះនៃការនាំចេញទៅប្រទេសចិន៕