
លោក Mohammed Hamdan បានធ្វើដំណើរទៅកាន់ផ្ទះគ្រួសាររបស់លោកនៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ដោយលោករំឭកដល់ពេលដែលលោកបាននៅជុំគ្នាជាមួយគ្រួសាររបស់លោក ក្រោយ ៣៥នាក់ ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ ។
លោក Hamdan ដែលជាឪពុកកូន ៤ត្រូវបានគេទាញចេញទាំងរស់ពីកម្ទេចកម្ទីថ្ម ស្របពេលដែលសមាជិកជាច្រើនទៀតរបស់លោកត្រូវបានសម្លាប់ រួមទាំងកូនស្រី ប្អូនប្រុស ប្អូនស្រី និងម្តាយមីង ។
លោក Mamdanនិយាយថា លោកធ្លាប់មានពេលវេលាដ៏ស្រស់ស្រាយជាមួយពួកគេ ពួកយើងធ្លាប់មកលេងគ្នាទៅវិញទៅមក អង្គុយជជែកគ្នាលេងជាមួយគ្នា អាំងភ្លើងជាមួយគ្នា ទទួលអាហារពេលព្រឹកជាមួយគ្នា ។
លោកបន្តថា លោកធ្លាប់មកលេងប្អូនប្រុស និងប្អូនស្រីរបស់លោក ប៉ុន្តែឥឡូវគ្មាននៅសល់នរណាម្នាក់ទៀតទេ គ្មានប្អូនប្រុស គ្មានប្អូនស្រី ហើយពួកយើងលែងអាចអាំងភ្លើងជាមួយគ្នាបានទៀតហើយ លែងអាចអង្គុយជជែកគ្នាលេងជាមួយគ្នាបានទៀតហើយ ដោយសារពួកគេបានស្លាប់ ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
កាលពីថ្ងៃអង្គារកន្លងទៅ អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានប្រតិបត្តិការកាន់តែជ្រៅទៅក្នុងទីក្រុងហ្គាហ្សា នៅក្នុងសង្រ្គាមបោសសម្អាតឲ្យអស់ក្រុមជីវពលហាម៉ាស់ នៅដែនដីបិទច្រករបស់ប៉ាឡេស្ទីនមួយនេះ ក្រោយក្រុមខ្មាន់កាំភ្លើងមកពីក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន បានបង្កឲ្យមានជម្លោះជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ស្លាប់ និងមនុស្សជាង ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកឥតឈប់ឈរលើដែនដីតំបន់ឆ្នេរមួយនេះ ដោយបានសម្លាប់មនុស្សជាង ១ម៉ឺននាក់ ក្នុងនោះ ៤០ភាគនៃពួកគេ គឺជាកុមារ ៕