
ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើដងផ្លូវនៅក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាននាថ្ងៃពុធនេះ បង្ខំឲ្យក្រុមអាជ្ញាធរ បិទសាលារៀន និងផ្សារនៅក្នុងសប្តាហ៍នេះ ។
គុណភាពខ្យល់(AQI) នៅក្នុងទីក្រុង Lahore ឡើងដល់កម្រិត ៤៣២ នៅថ្ងៃពុធនេះ ដែលជាកម្រិតដ៏គ្រោះថ្នាក់បំផុតមួយ ។
កម្រិត AQI ពី ០ ដល់ ៥០ ត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតល្អ ខណៈដែលលើសពីកម្រិត ១០០ ត្រូវបានចាត់ទុកថាជាកម្រិតសុខភាពមិនល្អសម្រាប់អ្នកដែលមានបញ្ហាសួត ។ ចំណែកឯកម្រិតចន្លោះពី ៣០១ ដល់ ៥០០ ត្រូវបានគេចាត់ទុកថាជាកម្រិតគ្រោះថ្នាក់ ។
ខ្យល់កខ្វក់នៅក្នុងទីក្រុង Lahore បានកាត់បន្ថយការមើលឃើញផងដែរនៅតាមដងផ្លូវ ហើយប្រជាពលរដ្ឋភាគច្រើនដូចជាលោក Mohammad Faizan ព្រួយបារម្ភពីការគំរាមកំហែងដល់សុខភាព ។
សូមបញ្ជាក់ថា ការកើនឡើងខ្យល់កខ្វក់ អាចកាត់បន្ថយអាយុកាលជាមធ្យមជាង ៥ឆ្នាំសម្រាប់មនុស្សម្នាក់ នៅអាស៊ីខាងត្បូង ដែលស្ថិតនៅក្នុងចំណោមតំបន់មានខ្យល់កខ្វក់ជាងគេបំផុតនៅលើពិភពលោក ៕