កំពង់ឆ្នាំង ៖ គិតមកដល់ថ្ងៃទី០៨ ខែមិថុនា នេះ ខេត្តកំពង់ឆ្នាំង ទទួលបានរបបទឹកភ្លៀងច្រើនជាងដើមខែមិថុនា ឆ្នាំ២០២០ ក្នុងរយៈពេល២សប្តាហ៍នេះ ទឹកភ្លៀងបានបង្អុរមកជាបន្តបន្ទាប់ ធ្វើឱ្យប្រជាកសិករទាំងអស់ ចាប់ផ្តើមបង្ក បង្កើនផលនៅស្ទើរគ្រប់ទីកន្លែងក្នុងខេត្ត ដើម្បីធ្វើស្រែឱ្យទាន់ដើមរដូវ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ របបទឹកភ្លៀងទទួលបានចំនួន៦៩,២៩មម បូកយោងពីដើមរដូវ សរុបជាមធ្យមបានចំនួន៣៣៥,៩២មម ប្រៀបធៀប ជាមួយឆ្នាំ២០២០ មានកម្រិតច្រើនជាងចំនួន៦១,៦៧មម។ ដោយសារស្ថានភាពទឹកភ្លៀងបានអំណោយផល ប្រជា កសិករ កំពុងតែខំប្រឹងប្រែងក្នុងការបង្កបង្កើនផល នាំឱ្យសាបរួច ចំនួន៣២២ហិកតា ផ្ទៃដីដាំដុះ (ព្រោះ) បានចំនួនជាង១០ម៉ឺនហិកតា ស្មើនឹង៨៩% លើផែនការ១២ម៉ឺន២០០០ហិកតា។
ចំណែកដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម អនុវត្តបានជាង៤ពាន់ហិកតា ស្មើនឹង៧,៩៧% លើផែនការ ៧៨០០ហិកតា រួមមាន ពោត ស ដំឡូងជ្វា បន្លែគ្រប់មុខ ដំឡូងឈើ សណ្តែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ ឪឡឹក និង សណ្តែកដី។ ចំពោះតម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវស្ងួត ជាមធ្យម១១០០រៀល ក្នុង១គីឡូក្រាម មានតម្លៃខ្ពស់ជាង ឆ្នាំ២០២០ ចំនួន៥០រៀល ក្នុង១គីឡូក្រាម ស្រូវក្រអូប តម្លៃ១៣០០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន ១០រៀល ក្នុង១គីឡូក្រាម។
នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ពុំមានសត្វគោក្របីឈឺធ្ងន់ធ្ងរនោះទេ ដោយបច្ចុប្បន្ន ខាងមន្ត្រីបសុពេទ្យកំពុងជួយពិនិត្យគ្រប់ទីកន្លែងផងដែរ។
ទោះបីទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ និងស្ថិតក្នុងបរិបទ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ពិតមែន តែប្រជាកសិករ កំពុងសស្រាក់សស្រាំខិតខំបង្កបង្កើនផលនៅគ្រប់ទីកន្លែង។ មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក កំពុងត្រៀមចុះ ជួយប្រជាពលរដ្ឋណា ដែលជួបនូវការខ្វះខាតទឹក នៅគ្រប់ទីកន្លែង តាមគោលការណ៍ ដោយមិនប្រកាន់និន្នាការអ្វី ឡើយ៕
អត្ថបទ៖ ហុង វាស្នា