
កងកម្លាំងអ៊ីស្រាអែល រួមមានទាំងនគរបាលព្រំដែន និងកងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួន Shufat ស្ថិតនៅក្នុងទីក្រុងហ៊្សេរុយសាឡឹមនៅព្រឹកថ្ងៃពុធ ដើម្បីកម្ទេចផ្ទះមួយខ្នងជាសម្បត្តិរបស់គ្រួសារយុវជនប៉ាឡេស្ទីនវ័យ ១៤ឆ្នាំម្នាក់ ដែលបានបើកការវាយប្រហារដោយកាំបិតទៅលើមន្រ្តីនគរបាល កាលពីខែកុម្ភៈកន្លងទៅ ។
រូបភាពវីដេអូដែលផ្តល់ជូនដោយក្រុមនគរបាលអ៊ីស្រាអែល ឃើញការបំផ្ទុះគ្រាប់បង្កប់ក្នុងផ្ទះបណ្តាលឲ្យផ្សែងហុយចេញពីអគារ ។
ការកម្ទេចផ្ទះនេះដែរ ធ្វើឡើងតាមបទបញ្ជារដ្ឋាភិបាលអ៊ីស្រាអែល ហើយនិងការសម្រេចរបស់តុលាការជាន់ខ្ពស់ បើទោះបីជាមានការតវ៉ាក៏ដោយ ។
នគរបាល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែកុម្ភៈថា យុវជនប៉ាឡេស្ទីន Mohammad Zalabani វ័យ ១៤ឆ្នាំ បានដេញចាក់មន្រ្តីនគរបាលព្រំដែនអ៊ីស្រាអែលម្នាក់ ហើយសន្តិសុខអ៊ីស្រាអែលដែលនៅកន្លែងកើតហេតុ បានបាញ់ខ្មាន់កាំបិតនោះ តែបាញ់ខុសក៏ត្រូវចំមន្រ្តីនគរបាលខ្លួនឯង បណ្តាលឲ្យគាត់ស្លាប់ដោយសាររបួស ។ យុវជនប៉ាឡេស្ទីនម្នាក់នោះ ត្រូវបានចាប់ខ្លួន ។
អំពើហិង្សានៅក្នុងតំបន់ បានហក់ឡើងខ្ពស់ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាស និងការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្សប្រហែល ១០.៥៦៩នាក់នៅតំបន់បិទច្រកមួយនេះ ៕