អុីស្រាអែល ៖ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា បានសម្លាប់អ្នកផលិតអាវុធរបស់ក្រុមហាម៉ាសម្នាក់ និងសកម្មប្រយុទ្ធជាច្រើននាក់ទៀត។
កងទ័ពការពារជាតិអ៊ីស្រាអែលឬ(IDF)និងអាជ្ញាធរសន្ដិសុខអ៊ីស្រាអែលឬ(ISA) បាននិយាយនៅក្នុងសេចក្ដីថ្លែងការរួមថា ការវាយប្រហារដាច់ដោយឡែកចំនួនពីរ បានសម្លាប់អ្នកផលិតអាវុធហាម៉ាសម្នាក់ ដែលឈានមុខ ឈ្មោះ ម៉ាសេន អាប៊ូ ហ្ស៊ីណា (Mahsein Abu Zina)និងអ្នកប្រយុទ្ធជាច្រើននាក់ទៀត ដែលជាប់ជាមួយនឹងការបាញ់គ្រាប់រ៉ូកែតប្រឆាំងរថក្រោះ ។
ក្រុងហ្កាហ្សាស៊ីធី(Gaza City) ជាមូលដ្ឋានដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល ។យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពបានវាយរុលទៅមុខឆ្ពោះទៅចំកណ្ដាលក្រុងដែលជាកន្លែងមានមនុស្សរស់នៅយ៉ាងច្រើនកុះករខណៈក្រុមហាម៉ាស បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួន បានធ្វើឲ្យសត្រូវបាត់បង់ធ្ងន់ធ្ងរបំផុត។
អ្នកសារព័ត៌មានរ៉ូយទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានពីទីតាំង ឬ កាលបរិច្ឆេទនៃវីដេអូ និងរូបភាពដែលបានថតនេះទេ៕

