
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បាននិយាយថា វិធានការឆ្ពោះទៅរកការទទួលបានថ្នាក់ដឹកនាំរបស់ប៉ាឡេស្ទីន ដែលស្រឡាញ់សន្តិភាព គឺជាលទ្ធផល ដែលចង់ឲ្យកើតឡើងបំផុត នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះសេចក្ដីសម្រេចរដ្ឋ២។
នៅឯកិច្ចប្រជុំកំពូលកម្រិតរដ្ឋមន្ត្រីនៃប្រទេសមានឧស្សាកម្មលូតលាស់ទាំង៧ ឬG7 នាប្រទេសជប៉ុន លោក Cleverly បាននិយាយថា៖ «ក្នុងរយៈពេលខ្លី គឺជារឿងចៀសមិនរួចនោះទេ ដែលអ៊ីស្រាអែល ដោយសារតែពួកគេមានកម្លាំងទ័ពនៅតំបន់ហ្កាហ្សា នឹងត្រូវតែមានការទទួលខុសត្រូវផ្នែកសន្តិសុខ។ ប៉ុន្តែទស្សនៈរបស់យើង គឺឆាប់បំផុតតាមដែលអាចធ្វើបាន នោះគឺដំណើរឆ្ពោះទៅរកការទទួលបានថ្នាក់ដឹកនាំរបស់ប៉ាឡេស្ទីន គឺជាលទ្ធផល ដែលចង់ឲ្យកើតឡើងបំផុត»។
ដោយសង្រ្គាមពេលនេះ បានឈានចូលដល់ខែទី២ ហើយនោះ មន្ត្រីអង្គការសហប្រជាជាតិ និងប្រទេស G7 បានបង្កើនការអំពាវនាវឲ្យមានការផ្អាកប្រយុទ្ធ ក្នុងបុព្វហេតុមនុស្សធម៌ នៅក្នុងជម្លោះនេះ ដើម្បីជួយសម្រាលទុក្ខលំបាក នៅតំបន់ហ្គាហ្សា ជាកន្លែងដែលអគារត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយការផ្គត់ផ្គង់មូលដ្ឋាន កំពុងខ្សត់ទៅៗ ខណៈដែលមន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សជាង ១០.០០០នាក់ហើយ ត្រូវបានសម្លាប់ ដោយក្នុងនោះ ៤០ភាគរយ ជាកុមារ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បាននិងកំពុងវាយប្រហារតំបន់ហ្គាហ្សា ដែលជាការសងសឹកទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងរបស់ក្រុមនេះ បានសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ជាចំណាប់ថ្នូរប្រហែល ២៤០នាក់៕