
មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ឬEU នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បានផ្តល់អនុសាសន៍ថា អ៊ុយក្រែន នឹងត្រូវបានអញ្ជើញឲ្យចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពភ្លាមៗ នៅពេលដែលប្រទេសនេះបំពេញបានទាំងស្រុងនូវលក្ខខណ្ឌចុងក្រោយនានា ដោយធ្វើឲ្យទៅក្រុងគីវបោះជំហានរឹតតែកៀកនឹងគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ទោះបីជាពេលនេះកំពុងប្រឹងប្រែងទប់ទល់នឹងការលុកលុយរបស់រុស្ស៊ីក៏ដោយ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា៖ «គណៈកម្មការផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សារបស់ EU នឹងបើកការពិភាក្សាចូលជាសមាជិកជាមួយអ៊ុយក្រែន»។ លោកស្រីបានបន្ថែមថា កិច្ចពិភាក្សាគួរតែចាប់ផ្តើមជាផ្លូវការ នៅពេលដែលទីក្រុងគីវ បំពេញលក្ខខណ្ឌដែលនៅសេសសល់ទាក់ទងនឹងការបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអនុម័តច្បាប់ស្តីពីការបញ្ចុះបញ្ចូលស្របតាមស្តង់ដារសហភាពអឺរ៉ុប និងការលើកកម្ពស់ការការពារជនជាតិភាគតិច។
អនុសាសន៍នេះគឺជាត្រួសត្រាយដ៏សំខាន់មួយ នៅលើផ្លូវរបស់ទីក្រុងគីវ ឆ្ពោះទៅកាន់សមាហរណកម្មជាមួយលោកខាងលិច និងជាកលយុទ្ធភូមិសាស្ត្រនយោបាយ សម្រាប់សហភាពអឺរ៉ុប ខណៈដែលអ៊ុយក្រែន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
គេរំពឹងថា បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នឹងសម្រេចថា តើត្រូវទទួលយកអនុសាសន៍របស់គណៈកម្មការការនេះ ឬអត់ នៅក្នុងកិច្ចប្រជុំកំពូល នាខែធ្នូ៕