
ក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៨ វិច្ឆិកា) បានជំរុញប្រទេសអេស្តូនីកុំអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថាប័នផ្លូវការណាមួយ នៅក្នុងប្រទេស បន្ទាប់ពីឯកអគ្គរដ្ឋទូតចិន ត្រូវបានគេរាយការណ៍ថា បានគំរាមចាកចេញពីអេស្តូនី ប្រសិនបើកោះតៃវ៉ាន់បើកការិយាល័យតំណាង នៅក្នុងប្រទេសបាល់ទិកនេះ។
កាលពីថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) ប្រព័ន្ធផ្សព្វផ្សាយអេស្តូនី បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអេស្តូនី លោកស្រី Guo Xiaomei បាននិយាយនៅឯកិច្ចប្រជុំជាមួយប្រធានក្រុមសភាអេស្តូនី-ចិន លោក Toomas Kivimagi ថា លោកស្រីអាចនឹងចាកចេញពីប្រទេសនេះ ប្រសិនបើកោះតៃវ៉ាន់បើកការិយាល័យបែបនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា៖ «ប្រទេសចិនជំរុញឲ្យភាគីអេស្តូនីគោរពតាមការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ បដិសេធមិនអនុញ្ញាតឲ្យកោះតៃវ៉ាន់បង្កើតរចនាសម្ព័ន្ធផ្លូវការណាមួយ និងការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីឲ្យមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននៅតែស្ថិតក្នុងដំណាក់កាលពិភាក្សាអំពីការបង្កើតការិយាល័យតំណាង នៅអេស្តូនី ហើយថា ភាគីទាំង២ មិនទាន់ឈានដល់ការឯកភាពគ្នាលើបញ្ហានេះនៅឡើយទេ៕