ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងចំថ្ងៃខួបទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)ផងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលេច និងវាយតម្លៃខ្ពស់នូវស្នាដៃ និងសមិទ្ធរបស់កងទ័ពដែលបានចូលរួមថែរក្សាការពារសុខសន្តិភាព ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងកិច្ចការមនុស្សធម៌ និងសង្គមជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល។

តាមរយៈសារជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសខួបទី៧០ នៃ ការបង្កើតកងទ័ព នាយឧត្តមឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តម «សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកងយោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននាពេលកន្លងមកទៅក្នុងកិច្ចការពារសន្តិភាព ឯករាជ្យអធិបតេយ្យ បូរភាពទឹកដីយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ជាមួយនឹងស្នាដៃសមិទ្ធផលលេចធ្លោ សម្រេចបានខាងលើ កងយោធពលខេមរភូមិន្ទបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្រ្ត ខ្សែព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការបង្កើត និងអភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្រ្តយោធានៅតាមព្រំដែន សំដៅលើកកម្ពស់ការពង្រឹងយុទ្ធសាស្រ្តការពារព្រំដែនយូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និងកសាងព្រំដែនជាតំបន់សន្តិភាព មិត្ត ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងប្រែក្លាយអតីតសមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍ជាដើម។

តាមរយៈសារលិខិតជូនពរនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចផងដែរថា កងយោធពល ខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា សន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងការជួយសង្រ្គោះប្រជាជនពេលកើតមានគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺឆ្លងរាតត្បាត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និងលើកកម្ពស់ការចូលរួមក្នុងបេសសកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលកំពុងមានវិបត្តិនៅទ្វីបអាហ្វ្រិក និងតំពន់មជ្ឈមបូព៌ា, ការទប់ស្កាត់ការរីករាលដាល នូវកូវីដ១៩ និងស្នាដៃជាច្រើនទៀត។

យ៉ាងណាក៏ដោយនៅក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតកងទ័ពនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមប្រសិទ្ធពរជ័យជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅគ្រប់ទីកន្លែង មានសុខភាពល្អ និងបន្តទទួលបានជោគជ័យគ្រប់ភារកិច្ច ផងដែរ៕ អត្ថបទ៖ បាន ចក់





