លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ស្របពេលមានសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បង្ហាញពីអ្វីមួយ ជាកំហុសឆ្គងជាមួយនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។

លោកបាននិយាយនៅក្នុងសន្និសីទរបស់សារព័ត៌មាន Reuters NEXT ថា មានការបំពានដោយក្រុមហាម៉ាស នៅពេលដែលពួកគេមានមនុស្សជាខែល។ ប៉ុន្តែនៅពេលដែលនរណាម្នាក់ពិនិត្យមើលចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធា វាមានអ្វីមួយដែលខុសយ៉ាងច្បាស់។

លោក Guterres បានធ្វើអត្ថាធិប្បាយទាំងនោះ នៅពេលអ៊ីស្រាអែលបន្តវាយប្រហារតំបន់លើតំបន់ហ្កាហ្សាតាមអាកាស ពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន និងឡោមព័ទ្ធទាំងស្រុងលើប្រជាជន ២,២លាននាក់នៅក្នុងតំបន់ហ្កាហ្សា ដោយព្រងើយកន្តើយនឹងការអំពាវនាវអន្តរជាតិឱ្យមានបទឈប់បាញ់ និងការផ្អាកការប្រយុទ្ធនៅក្នុងសង្គ្រាមនេះ។

យោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង ១០.០០០ នាក់ រួមទាំងកុមាររាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល ឥឡូវនេះសង្រ្គាមបានឈានចូលដល់ខែទីពីរហើយ។ យោងតាមក្រុមមន្ត្រីអ៊ីស្រាអែល ក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០ នាក់ និងចាប់មនុស្សជាចំណាប់ថ្នូររាប់រយនាក់។
លោកបានបន្ថែមថា នេះជាការប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីស្រាអែលក្នុងការមើលឃើញរូបភាពដ៏គួរឱ្យភ័យខ្លាចជារៀងរាល់ថ្ងៃ នៃតម្រូវការមនុស្សធម៌ដ៏ធំធេងរបស់ប្រជាជនប៉ាឡេស្ទីន ដោយបន្ថែមថា នោះពុំបានជួយអ៊ីស្រាអែលទាក់ទងនឹងមតិសាធារណៈជាសកលទេ៕