ទីបញ្ជាការទីពីររបស់ក្រុមហេសបូឡា(Hezbollah)ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ បាននិយាយថា ការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្កឲ្យមានសង្រ្គាមរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា។

លោក សេក ណាំ កាសេម (Sheikh Naim Qassem) បានប្រាប់សារព័ត៌មាន BBC ថា ការវិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ខ្លាំង អាចកើតឡើងក្នុងតំបន់នេះ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់មិនឲ្យប៉ះពាល់បានឡើយ ។

មេដឹកនាំទី២របស់ក្រុមហេសបូឡា បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងទីក្រុងបេរូត(Beirut) ខណៈក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សាបាននិយាយថា មនុស្សជាង ១០.០០០នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។
លោកបាននិយាយថា គ្រោះថ្នាក់គឺពិតប្រាកដមែន ដោយសារតែអ៊ីស្រាអែលកំពុងបង្កើនការឈ្លានពានប្រឆាំងនឹងជនស៊ីវិល និងការសម្លាប់ស្ត្រី ព្រមទាំងកុមារកាន់តែច្រើន។ តើវាអាចទៅរួចទេដែលថារឿងនេះនឹងនៅតែបន្ត និងកើនឡើងដោយពុំនាំមកនូវគ្រោះថ្នាក់ពិតប្រាកដដល់តំបន់នេះ ? ខ្ញុំគិតថាមិនមែនទេ។

លោកបានទទូចថា ការកើនឡើងណាមួយនឹងត្រូវបានភ្ជាប់ទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល។ លោកបានបន្តថាគ្រប់លទ្ធភាពទាំងអស់មានការឆ្លើយតប។
ក្រុមអ៊ីស្លាមនិកាយ ស៊ីអ៊ីត(Shia)ដែលត្រូវបានចាត់ទុក ជាអង្គការភេរវករដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធអារ៉ាប់ គឺជាកម្លាំងនយោបាយ និងយោធាដ៏ធំបំផុតនៅក្នុងប្រទេសលីបង់។រហូតមកដល់ពេលនេះ ការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមនៅហ្កាហ្សាបានជាប់ពាក់ព័ន្ធនឹងការ ព្រមានកាន់តែខ្លាំងរបស់ខ្លួន ប៉ុន្តែបានកំណត់សកម្មភាពរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន។
នៅពេលការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ស្ត្រីម្នាក់និងកុមារបីនាក់នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ក្រុមហេសបូឡា បានបាញ់រ៉ូកែត ក្រែដ(Grad) ជាលើកដំបូងនៅក្នុងជម្លោះដោយបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់៕