វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ស្លូវេនី Tamara Zidansek បានឈានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Grand Slam លើកដំបូង ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Paula Badosa នៅ French Open។

Tamara Zidansek មានលំដាប់ថ្នាក់ពិភពលោកលេខ ៨៥ មិនធ្លាប់មានប្រវត្តិឆ្លងផុតពីជុំទី២ ឡើយនៅ Grand Slam។ ទើបតែឆ្នាំ២០២១ នៅ French Open នេះ កីឡាការិនីវ័យ ២៣ឆ្នាំរូបនេះបានយកឈ្នះ Paula Badosa ក្នុងលទ្ធផល ២សិតទល់នឹង ១ ពិន្ទុ ៧-៥, ៤-៦ និង ៨-៦។ បញ្ជាក់ថា កីឡាការិនីទាំងពីរ Tamara Zidansek និង Paula Badosa ឡើងមកដល់វគ្គ ៨នាក់ចុងក្រោយនេះជាលើកដំបូងដូចគ្នា បន្ទាប់ពីកីឡាការិនីកំពូលទាំង ១០ ធ្លាក់អស់ហើយត្រឹមសប្ដាហ៍ដំបូង។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Zidansek នឹងបន្តជួបជាមួយកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova ដែលបានយកឈ្នះកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina។
កីឡាការិនីរុស្ស៊ី Pavlyuchenkova ក៏ជាលើកដំបូងដែរ ដែលបានឈានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Slam បន្ទាប់ពីជ័យជំនះលើកីឡាការិនីលេខ ២២ ពិភពលោកតានតឹង ៦-៧(២-៧), ៦-២ និង ៩-៧។ វគ្គ ៨នាក់ចុងក្រោយផ្សេង ២គូទៀតត្រូវប្រកួតថ្ងៃនេះ រួមមានអ្នកការពារតំណែងជើងឯក Iga Swiatek ត្រូវជួបជាមួយកីឡាការិនីក្រិក Maria Sakkari និងកីឡាការិនីវ័យក្មេងអាមេរិក Coco Gauff ជួបកីឡាការិនីឆេក Barbora Krejcikova៕
អត្ថបទ៖នាង សុភាវុធ