កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូមួយកាលពីថ្ងៃពុធ ជាអ្វីដែលខ្លួននិយាយថា គឺជាទីតាំងនៃការបំផ្លាញផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់។
វីដេអូ ត្រូវបានបង្ហោះនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter បានបង្ហាញគ្រឿងចក្រជីកដី កំពុងជីកដើម្បីរកឲ្យឃើញរចនាសម្ព័ន្ធក្រោមដី។ ចំណងជើងនៅលើវីដេអូ មានអំណានថា « ការបង្ហាញ និងបំផ្លាញរចនាសម្ព័ន្ធក្រោមដីរបស់អង្គការភេរវកម្មក្រុមហាម៉ាស់»។

ការផ្ទុះជាច្រើន ត្រូវបានមើលឃើញពីចម្ងាយនៅក្នុងវីដេអូ។ ការបំផ្ទុះមួយនៅចន្លោះអគារ២កន្លែង ដែលនៅខាងក្នុងគឺជាអ្វីដែលត្រូវបានគេនិយាយថាជាផ្លូវរូងក្រោមដី ត្រូវបានបង្ហាញនៅក្នុងវីដេអូ។
វីដេអូមួយផ្សេងទៀតបានបង្ហាញកងទ័ពកំពុងពិនិត្យផ្លូវរូងនៅក្នុងដី ដោយមានចំណងជើងថា« កំណត់ទីតាំងហេត្ថារចនាសម្ព័ន្ធក្រោមដី និងធនធាននៅក្នុងតំបន់ហ្កាហ្សា»។

អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃពុធថា វិស្វករប្រយុទ្ធ កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះ ដើម្បីកម្ទេចបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រនៅក្រោមតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ យោធានិយាយថា ខ្លួនបានបំផ្លាញច្រកចូលផ្លូវរូងក្រោមដី១៣០កន្លែងរហូតមកដល់ពេលនេះ។ វិស្វករប្រយុទ្ធ ដែលប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា កំពុងកម្ទេចសព្វាវុធសត្រូវ និងកំពុងកំណត់ទីតាំង រកឲ្យឃើញ និងបំផ្ទុះច្រកចូលផ្លូវរូងក្រោមដី។