សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអះអាងថា នាយទាហាន និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទនឹងបន្តប្ដូរផ្ដាច់ដោយឥតងាករេក្នុងការបន្តធ្វើពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី, ការពារអង្គព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលផ្អែកលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាដើម។
ថ្លែងទៅកាន់អង្គមិទ្ទិញរំលឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទនៅមុខព្រះបរ មរាជវាំង ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «នាយទាហាន និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទនឹងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី, ការពារអង្គព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែកលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា កងយោធពលខេមរភូមិន្ទក៏នឹងបន្តជ្រោងទង់ជាតិខ្មែរឲ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាកម្លាំងដែលមានវិន័យមានមនសិការវិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ។
យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលនឹងមិនអាច បំភ្លេចបាននូវការធ្វើពលីកម្មយ៉ាងធំធេងរបស់នាយនគរបាល និងពលនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីការពារជាតិមាតុភូមិ សន្តិសុខផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់ សង្គម ហើយតែងតែផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត និងជាប់ប្រជាជន និងទទួលបានសេចក្តីស្រលាញ់ពីប្រជាជន។ សម្តេចក៏បានថ្លែងកោតសរសើរ និងអគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួម យ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់






