រដ្ឋាភិបាលអ៊ីតាលីកំពុងសាទរផែនការជាប្រវត្តិសាស្ត្រ ក្នុងការបញ្ជូនក្រុមជនអន្តោប្រវេសន៍ តាមសមុទ្រទៅកាន់ប្រទេសអាល់បានី ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសក្នុងសប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យប្រទេសអ៊ីតាលី សាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ និងជំរំឃុំឃាំងមួយនៅក្នុងប្រទេសនេះ។
យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រទេសអាល់បានីនឹងទទួលយកជនអន្តោប្រវេសន៍ អតិបរមាចំនួន ៣.០០០នាក់ ក្នុងពេលតែមួយ។

នោះជាផ្នែកមួយនៃការជំរុញរបស់សហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងជាលើកដំបូង ដែលប្រទេស មិនមែនជាសមាជិកសហភាពអឺរ៉ុបមួយនេះ ទទួលយកជនអន្តោប្រវេសន៍ ជំនួសឱ្យបណ្ដាប្រជាជាតិប្លុកសហភាពអឺរ៉ុប ។

ជនអន្តោប្រវេសន៍តាមសមុទ្រជាង ១៤៥.០០០ នាក់ បានទៅដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ។
លោកស្រីនាយករដ្ឋមន្រ្តីអ៊ីតាលី ចចា ម៉េឡូនី(Giorgia Meloni) បាននិយាយថា ជនអន្តោប្រវេសន៍ ប្រមាណ ៣៦.០០០ នាក់អាចឆ្លងកាត់ជំរំរបស់ប្រទេសអាល់បានី ជារៀងរាល់ឆ្នាំ ប៉ុន្តែអាស្រ័យលើថាតើប្រទេសអ៊ីតាលី អាចដំណើរការករណីសុំសិទ្ធិជ្រកកោនបានលឿនប៉ុណ្ណា។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធទី៨ខែវិច្ឆិកា បានរិះគន់កិច្ចព្រមព្រៀងដែលបានប្រកាសនៅសប្ដាហ៍នេះថា ជាការអនុញ្ញាតឲ្យអ៊ីតាលី សាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ចំនួន២ និងជំរំឃុំឃ្លាំងជនអន្តោប្រវេសន៍ក្នុងប្រទេសអាល់បានី ដោយនិយាយថា ជាការរំលោភសិទ្ធិអន្តរជាតិ និងសិទ្ធិរបស់ជនអន្តោប្រវេសន៍៕