ភ្នំពេញ៖ មានព្រះរាជបន្ទួលតាមរយៈព្រះរាជសុន្ទរកថា ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលរម្លឹកឱ្យដឹងថា នៅក្នុងការទាមទារឯករាជ្យសម្រាប់ជាតិពីបារាំង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ព្រះអង្គ បានប្រមូលកម្លាំងសាមគ្គីខ្មែរ ពីគ្រប់តំបន់ទាំងអស់ ដើម្បីបង្កើតជាចលនាតស៊ូ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្ដេជ្ញាថា ព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញជាដាច់ខាត ប្រសិនបើព្រះអង្គមិនបានទទួល ឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកឱ្យដឹងបន្ថែមថា ក្រោយកម្ពុជាទទួលបានឯករាជ្យភាពនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ បានធ្វើឱ្យកម្ពុជាឈរស្មើមុខស្មើមាត់នឹងប្រទេសបារាំង ក្នុងឋានៈជាប្រទេស ដែលមានឯករាជ្យជាតិពេញបរិបូរ។
បារាំងបានដាក់កម្ពុជាឱ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ១៨៦៣ ក្រោយមកបារាំងបានកែប្រែសន្ធិសញ្ញាអាណាព្យាបាល ដោយដកសិទ្ធិពីកម្ពុជាជាច្រើន។ សន្ធិសញ្ញាថ្មីនេះ ត្រូវអ្នកសិក្សាស្រាវជ្រាវជាច្រើនយល់ឃើញថា ជាការដាក់អាណានិគមបារាំងលើកម្ពុជា។
តាមរយៈការរួបរួមកម្លាំងជាមួយខ្មែរអ្នកតស៊ូជាច្រើន ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ កម្ពុជាត្រូវបានបារាំងប្រគល់ឯករាជ្យភាពជូនពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ ដោយ៖ គង់ ឌិន