ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា ចំណាត់ការរបស់ខ្លួនក្នុងការបណ្តេញជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសាររាប់សែននាក់ គឺជាការឆ្លើយតបទៅនឹងការមិនចង់បានរបស់រដ្ឋបាលដឹកនាំដោយក្រុមតាលីបង់ក្នុងសកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រើអាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារ នៅក្នុងប្រទេសប៉ាគីស្ថាន។

កាលពីខែមុន ប្រទេសប៉ាគីស្ថាន បានកំណត់កាលបរិច្ឆេទចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា សម្រាប់ការបណ្តេញចេញនូវជនអន្តោប្រវេសន៍ដែលគ្មានឯកសារទាំងអស់ រួមទាំងជនជាតិអាហ្វហ្គានីស្ថានរាប់សែននាក់ផងដែរ។ ប្រទេសនេះ បានលើកឡើងពីហេតុផលសន្តិសុខ ដោយបដិសេធការអំពាវនាវឲ្យពិចារណាឡើងវិញពីអង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងបណ្តាស្ថានទូតលោកខាងលិច។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anwar ul Haq Kakar បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«បន្ទាប់ពីមិនមានកិច្ចសហប្រតិបត្តិការដោយរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន បានសម្រេចចិត្តយកបញ្ហាដាក់ក្នុងដៃរបស់ខ្លួន ហើយសកម្មភាពថ្មីៗរបស់ប៉ាគីស្ថាន គឺមិននឹកស្មានដល់ ឬគួរឲ្យភ្ញាក់ផ្អើលនោះទេ»។
ប្រជាជនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ ដែលភាគច្រើន បានរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់ជាច្រើនទស្សវត្សរ៍មកហើយ ត្រូវចាកចេញពីប្រទេស ហើយអាជ្ញាធរ កំពុងប្រមូលផ្តុំជាច្រើនទៀត នៅក្នុងការវាយឆ្មក់ នៅទូទាំងប្រទេស។