អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប កំពុងប្រឈមមុខនឹងកំណើនហានិភ័យនៃការរីករាលដាលជំងឺ ដោយសារតែការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល ដែលបានរំខានដល់ប្រព័ន្ធសុខាភិបាល លទ្ធភាពទទួលបានទឹកស្អាត និងបណ្តាលឱ្យមានមនុស្សយ៉ាងច្រើនកកកុញនៅក្នុងទីជម្រកបណ្ដោះអាសន្ន។

WHO បាននិយាយថា «ខណៈការស្លាប់ និងរបួសនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ដោយសារតែអរិភាពកាន់តែខ្លាំងឡើងនោះ មនុស្សច្រើនកកកុញខ្លាំងពេក និងការរំខានដល់សុខភាព ប្រព័ន្ធទឹក និងអនាម័យ បានបង្កឱ្យមានគ្រោះថ្នាក់បន្ថែមទៀតក្នុងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺឆ្លង ហើយទំនោរគួរឱ្យព្រួយបារម្ភមួយចំនួនបានកើតឡើងរួចទៅហើយ»។

ទីភ្នាក់ងារនេះបាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងបរិវេណដែលមានមនុស្សរស់នៅច្រើន បានបណ្តាលឱ្យរោងចក្រចម្រាញ់ទឹកស្អាតត្រូវបិទ ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី ដូចជាការរីករាលដាលនៃជំងឺរាគជាដើម។
កង្វះឥន្ធនៈក៏បានរំខានដល់ការប្រមូលកាកសំណល់រឹង ដែលអង្គការសុខភាពពិភពលោក បាននិយាយថា បានបង្កើត «បរិយាកាសអំណោយផលដល់ការរីករាលដាលយ៉ាងឆាប់រហ័ស និងរីករាលដាលនៃសត្វល្អិត សត្វកកេរ ដែលអាចផ្ទុក និងចម្លងជំងឺផ្សេងៗផងដែរ»៕