កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ហាក់ដូចជាកំពុងប្រយុទ្ធគ្នានៅចម្ងាយដ៏ជិតយ៉ាងស្វិតស្វាញក្នុងទីក្រុងហ្កាហ្សា ខណៈដែលជនស៊ីវិលរាប់ពាន់នាក់ បន្តភៀសខ្លួនចេញពីភាគខាងត្បូងកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដ៏តានតឹងនេះ។

យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានរុលចូលទៅកណ្ដាលនៃទីក្រុងហ្កាហ្សា ដែលជាបន្ទាយសំខាន់របស់ក្រុមហាម៉ាស និងជាទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ខណៈដែលក្រុមឥស្លាមនិយមនេះ បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ៊ីស្រាអែល។

រថក្រោះជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានជួបការតស៊ូយ៉ាងខ្លាំងពីយុទ្ធជនហាម៉ាសដោយប្រើប្រាស់ផ្លូវរូងក្រោមដី ដើម្បីលបវាយឆ្មក់ នេះបើយោងតាមប្រភពពីក្រុមហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួនឥស្លាម ជីហាត។

អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១.៤០០នាក់ ដោយភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។
ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សចំនួន ១០.៥៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធ (០៨ វិច្ឆិកា) ដោយក្នុងនោះមាន ៤០% ជាកុមារ ខណៈអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនចំនួន ៣៣នាក់ក៏ត្រូវបានសម្លាប់ផងដែរ៕