ជម្លោះដ៏មហន្តរាយនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.១០០នាក់ ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាងកាលពីថ្ងៃពុធ (០៨ វិច្ឆិកា)។

នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីថ្ងៃពុធ បានបង្ហាញពីតួលេខអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១០.៥៦៩នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ននេះមក ហើយប្រភពរបស់អ៊ីស្រាអែលបានរាយការណ៍ថា មនុស្សជាង ១.៤០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះនេះ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃពុធ ពីការបំផ្លិចបំផ្លាញដែលកំពុងបន្តនៃមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស នៅទីក្រុងហ្កាហ្សា និងការរឹបអូសបានគ្រាប់រ៉ូកែតប្រមាណ ៧០០គ្រាប់។ បន្ថែមពីលើនេះ អង្គភាពវិស្វកម្មបានកម្ទេចរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមហាម៉ាស ចំនួន ១៣០ទីតាំងដោយជោគជ័យផងដែរ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបន្តការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល ដោយអះអាងថាបានបំផ្លាញរថយន្តយោធាអ៊ីស្រាអែលចំនួន ១៥គ្រឿង រួមទាំងរថក្រោះចំនួន ៥គ្រឿងនៅទូទាំងទីតាំងជាច្រើននៅក្នុងតំបន់ហ្កាហ្សា។
កងពលតូចអាល់កាសាម ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវចំពោះការបំផ្លាញយានជំនិះយោធាអ៊ីស្រាអែល ចំនួន ១៣៦គ្រឿង ចាប់តាំងពីជម្លោះបច្ចុប្បន្នបានចាប់ផ្តើមមក៕