ជាការឆ្លើយតបទៅនឹងការបាញ់ប្រហារនាពេលថ្មីៗនេះ ដែលជនអន្តោប្រវេសន៍បីនាក់ បានបាត់បង់ជីវិត នគរបាលស៊ែរប៊ី បានបើកប្រតិបត្តិការទូទាំងប្រទេស សំដៅលើការឃាត់ខ្លួនជនអន្តោប្រវេសន៍នៅតំបន់ភាគខាងជើង និងភាគខាងកើតនៃប្រទេសក្នុងតំបន់បាល់កង់មួយនេះ។

ប្រតិបត្តិការនេះបានបណ្តាលឱ្យមានការឃុំខ្លួនជនអន្តោប្រវេសន៍ជាង ៤.៥០០នាក់ នៅក្នុងក្រុងសាបូទីកា (Subotica) ទីក្រុងស៊ុមបូរ (Sombor) និងទីក្រុងគីគីនដា (Kikinda) នៅជិតព្រំដែនប្រទេសហុងគ្រី នៅភាគខាងជើង ក៏ដូចជានៅជិតទីក្រុង ភីរ៉ត (Pirot) នៅភាគអាគ្នេយ៍ ជិតព្រំដែនប្រទេសប៊ុលហ្គារី ផងដែរ។ ជនអន្តោប្រវេសន៍ដែលត្រូវបានឃាត់ខ្លួនទាំងនោះ ត្រូវបានផ្ទេរទៅកាន់ជំរំគ្រប់គ្រងដោយរដ្ឋាភិបាល។

ក្នុងប្រតិបត្តិការនោះ នគរបាលរឹបអូសបានកាំភ្លើងវែង ៥ដើម កាំភ្លើងខ្លី ៥ដើម គ្រាប់រំសេវជាង ១.៥០០គ្រាប់ កាំភ្លើងវែងប្រភេទផ្សេងៗ លិខិតឆ្លងដែនបរទេសរាប់រយក្បាល និងឆែកឆេររថយន្តជាង ៨១.០០០គ្រឿង និងលំនៅឋានជាង ៣០០ខ្នង។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃស៊ែរប៊ី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហានៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងការរុះរើបណ្តាញរត់ពន្ធមនុស្ស។
ខណៈពេលដែលសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីសញ្ជាតិរបស់ជនអន្តោប្រវេសន៍ ដែលត្រូវបានឃាត់ខ្លួននោះ បុគ្គលភាគច្រើនដែលប្រើប្រាស់ខ្សែផ្លូវតំបន់បាល់កង់ ដើម្បីចូលសហភាពអឺរ៉ុប គឺមកពីតំបន់ដូចជាមជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអាហ្វ្រិកខាងជើងជាដើម៕