តាកែវ៖ អាជ្ញាធរខេត្តតាកែវ កំពុងតែយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ខណៈអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ពីសហគមន៍ ទៅរោង ចក្រ និងពីរោងចក្រទៅសហគមន៍។
ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តតាកែវ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពង្រឹងការងារបង្ការ និងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយបណ្ដារោងចក្រពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប កាលពីម្សិលមិញ បានលើកឡើងថា ការយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសកម្មករ កម្មការីនី ពីជំងឺកូវីដ១៩ វាទាមទារឱ្យមានការសហការ គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានា របស់អាជ្ញាធរឱ្យបានត្រឹមត្រូវជា ទីបំផុត។ ត្រូវបន្តបង្កើនការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដើម្បីក្រើនរំលឹក និងដាស់តឿនអំពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩នេះ នៅតាមរោងចក្រ សហគមន៍ និងក្នុងមូលដ្ឋាន។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ទៀតថា បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវ ពង្រឹង និងត្រូវតែគិតពីសុខភាពរបស់កម្មករនិយោជិត ក្នុងរោងចក្ររបស់ខ្លួន ដើម្បីចៀសឆ្ងាយការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅក្នុងកន្លែងធ្វើការ ជាពិសេស គឺត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ឱ្យខាងតែបានការចម្លងពីរោងចក្រ ទៅសហគមន៍ ឬពីសហគមន៍ទៅក្នុងរោងក្រ។
ដោយឡែក កម្មករ កម្មការិនី ត្រូវតែថែរក្សាសុខភាពខ្លួនឯងផងដែរ ដោយធ្វើយ៉ាងណា កុំឱ្យកើតមានជំងឺនេះ ព្រោះថា ជំងឺនេះ ងាយឆ្លងខ្លាំងបំផុត។
ឯកឧត្តមអភិបាលខេត្ត បានសំណូមពរទៅដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ មិនត្រូវ ភ្លេចអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធាន៣កុំ និង៣ការពារ ឱ្យបានត្រឹមត្រូវ ពោល គឺការការពារខ្លួនឯងមិនឱ្យឆ្លងកូវីដ១៩ ដូចជាការពារសហគមន៍ កន្លែងធ្វើការ មិនឱ្យមានកូវីដ ១៩ដូច្នេះដែរ៕ អត្ថបទ៖ គុជ វិភាគ