មីស៊ីលប្រឆាំងនាវាដ៏មានអានុភាពផលិតដោយរុស្ស៊ី ដែលទទួលបានដោយក្រុមហេសបូឡា ផ្តល់ឱ្យក្រុមនេះនូវមធ្យោបាយដើម្បីបញ្ជូនការគំរាមកំហែងរបស់មេដឹកនាំរបស់ខ្លួនប្រឆាំងនឹងនាវាចម្បាំងអាមេរិក និងគូសបញ្ជាក់អំពីហានិភ័យធ្ងន់ធ្ងរនៃសង្គ្រាមក្នុងតំបន់ ណនេះបើយោងតាមប្រភពដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។

មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah បានព្រមានក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា ក្រុមរបស់លោកមានអ្វីមួយនៅក្នុងឃ្លាំងសម្រាប់ប្រឆាំងនាវាអាមេរិក ដែលដាក់ពង្រាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមុន រវាងក្រុមប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ដែលបានអង្រួនមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។

ប្រភពចំនួនពីរនៅក្នុងប្រទេសលីបង់ ដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា មេដឹកនាំក្រុមហេសបូឡារូបនោះ កំពុងសំដៅទៅលើសមត្ថភាពមីស៊ីលប្រឆាំងនាវាដែលមានអានុភាពយ៉ាងខ្លាំងរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ រួមទាំងមីស៊ីលយ៉ាឃុត (Yakhont) ដែលផលិតដោយរុស្ស៊ី ហើយអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការដាក់ពង្រាយកងនាវាចរនៅសមុទ្រមេឌីទែរ៉ាណេរបស់ខ្លួន ដែលរួមមាននាវាផ្ទុកយន្តហោះពីរគ្រឿង និងនាវាគាំទ្ររបស់ពួកគេ មានគោលបំណងការពារជម្លោះពីការរីករាលដាលកាន់តែទូលំទូលាយដោយការរារាំងអ៊ីរ៉ង់ ដែលគាំទ្រក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមឥស្លាមជីហាត របស់ប៉ាឡេស្ទីនផងដែរ៕